កម្ពស់ទឹកតាមដង ទន្លេមេគង្គក្នុងខេត្តកំពង់ចាម កំពុងចាប់ផ្តើម ហក់ឡើង ជាបន្តបន្ទាប់ បើគិតត្រឹមថ្ងៃទី២៣ ខែសីហា នេះ ទឹកទន្លេមានកម្ពស់ ៩.៤៣សង់ទីម៉ែត្រ បើធៀបនឹងឆ្នាំ២០១៨ កម្ពស់ទឹកមាន ១៥.៤៨សង់ទីម៉ែត្រ ខណៈដែល កម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ន ត្រឹមកម្ពស់១៥.២០សង់ទីម៉ែត្រ នោះ ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម ឲ្យដឹងថា ឆ្នាំ២០១៩នេះ កម្ពស់ទឹកមិនទាន់បានហូរចូលវាលទំនាប ដូចជា នៅតាមបណ្ដាក្រុង-ស្រុក មួយចំនួន នៅឡើយទេ ។ ប៉ុន្តែ នៅតាមដងទន្លេមេគង្គ មានការរងផលប៉ះពាល់គ្រោះធម្មជាតិ បាក់ស្រុតច្រាំងទន្លេ ដូចជា នៅស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ។ ទោះបីជាយ៉ាងណាក្តី អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ខេត្តបាននឹងកំពុងចាត់វិធាន ការទប់ស្កាត់ បង្ការការពារ គ្រោះធម្មជាតិនេះ ដើម្បី កុំឲ្យមានរងប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ។ ជាមួយនោះ ក៏បានត្រៀមនូវទីទួលសុវត្ថិភាព មធ្យោបាយ និងស្បៀងអាហារ ជាដើម សម្រាប់ ចុះជួយអន្តរាគមន៍សង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងជួបគ្រោះអាសន្ន ផងដែរ ។
សូមបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំមកដល់ពេលនេះមានតំបន់មួយចំនួនបានជន់លិចជាបន្តបន្ទាប់រួចទៅហើយ ។ ទន្ទឹមនឹងនោះ ទឹកក៏បានហូរបាចសាច ចូលទៅក្នុងព្រែក ស្ទឹង អាង ស្រះ បឹងបួរ មកហើយដែរ ដើម្បី ផ្ដល់ជាប្រភព សម្រាប់ស្រោចស្រព ដល់ការងារបង្កបង្កើនផល និងការប្រើប្រាស់ របស់ប្រជាកសិករយើង ។
កត្តាធម្មជាតិនេះ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ តែងតែនិយាយថា ជារឿងធម្មតាទេ សម្រាប់អ្នកស្រុកទន្លេកាលណាទឹកមិនលិចធ្វើឲ្យការងារបង្កបង្កើនផរបស់ពួកគាត់មិនបានល្អ ជាពិសេសជួបប្រទះនឹងសត្វល្អិត និង ជម្ងឺដង្កាត់ផ្សេងៗ។ ដោយឡែកអាជ្ញាធរវិញក៏មានការព្រួយបារម្ភអំពីស្ថានភាពទឹកហក់ឡើងយឺតយាវ ដែលមិនអាចចូលទៅក្នុងអាងបានគ្រប់គ្រាន់ធ្វើឲ្យ ប្រជាកសិករ នៅក្នុងតំបន់នីមួយៗ ខ្វះប្រភពទឹក សម្រាប់ការងារបង្កបង្កើនផល និងសម្រាប់ប្រើប្រាស់ ផងដែរ ៕
ថុង សីហា