ក្រុមការងារ​ជំនាញ កំពុង​ប្រមូលយក​សំណាក ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​អាពាហ៍ពិពាហ៍​ ​ស្ថិតនៅ​ភូមិ​កោះ​តូច ស្រុក​កងមាស កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ កន្លងទៅ​

ក្រុមការងារ​ជំនាញ ដឹកនាំ​ដោយ ឯកឧត្ដម​វេជ្ជបណ្ឌិត គីម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​ពី លោក ភោគ សាវុធ អភិបាលស្រុក​កងមាស និង​លោក ស៊ីម គង់ អភិបាល ស្រុក​ស្រី​សន្ធរ កំពុង​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស និង​នៅ​មណ្ឌល​សុខភាព​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​អាពាហ៍ពិពាហ៍​ស្ថិតនៅ​ភូមិ​កោះ​តូច ស្រុក​កងមាស កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ កន្លងទៅ ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តកំពង់ចាម ជាពិសេស ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​កងមាស ដែល​ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍ ១​កន្លែង ស្ថិតនៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស កាលពី​ថ្ងៃទី​២១ កុម្ភៈ កន្លងទៅ ។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ គឺមាន​បុរស​ជនជាតិខ្មែរ​ម្នាក់ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានមក​ចូលរួម​ពិធី​នេះ ។ ដោយឡែក បន្ទាប់ពី​ទទួល​ព័ត៌មាន ពី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ បាន​រកឃើញ​បុរស​ម្នាក់ ដែល​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការ​នេះ មាន​ផ្ទុកមេរោគ covid-19 រដ្ឋបាលខេត្ត​កំពង់ចាម ក៏បាន​ចាត់​ឲ្យ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ​គឺមាន ៖ ឪពុក ម្ដាយកូន​ក​ម្លោះ កូនក្រមុំ និង​កូន​ក​ម្លោះ កូនក្រមុំ រួមជាមួយ​នឹង​អ្នក​កំដរ អ្នក​រួម​តុ ក្រុម​អ្នក​សំអាងការ អ្នក​ថតរូប និង​ចុងភៅ អ្នក​លើក​ម្ហូប ផងដែរ ។​

ជាមួយ​នោះ ដើម្បី ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ពី​ជម្ងឺ covid-19 ក្នុង​សហគមន៍ រដ្ឋបាលខេត្ត​កំពង់ចាម ក៏បាន​អំពាវនាវ ដល់​អ្នក​ដែល​បានមក​ចូលរួម ក្នុង​ពិធីមង្គលការ និង​អ្នកពាក់ព័ន្ធ នៅក្នុង​ព្រឹត្តិការណ៍​នោះ ទៅពិនិត្យ​សុខភាព និង​យក​សំណាក់ នៅ​ទីតាំង​ដែល​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បានរៀបចំ​នោះ ។​

តាម​ការគូសបញ្ជាក់ ពី​ក្រុមការងារ​ជំនាញ ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រុមការងារ​កំពុង​ប្រមូល​សំណាក់​ប្រជាពលរដ្ឋ នៅ​ស្រុក​កងមាស ប្រមាណ​ជា ៦០​នាក់ និង​បន្តទៅ​ស្រុក​ស្រី​សន្ធរ ប្រមាណ​ជាង ១០០​នាក់ ទៀត ផងដែរ ៕ សា​រ៉ា​ត​