ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានបង្ក្រាបបទល្មើសនេសាទបាន ៣ ករណី នៅស្រុកកងមាស

នួន សត្យា

(កំពង់ចាម)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បានចំនួន ៣ ករណី ក្នុងភូមិសាស្ត្រផ្សេងគ្នា ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

បើតាម លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកកងមាស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ដៅ និងព្រែកកុយ និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

ករណីទី០១ -ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១៥ម៉ែត្រ ចំនួន ០១មាត់
នៅចំណុចព្រែកអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ។ ករណីទី២-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់-របាំងស្បៃមុងប្រវែង ៦២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស និង ករណីទី៣-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់ -របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាមនៅចំណុចរោងវែង ឃុំព្រែកកុយ ស្រុកកងមាស ៕