ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម អំពាវនាវ​ដល់​ប្រជា​នេសាទ​បញ្ឈប់​ការនេសាទ​ខុសច្បាប់

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់​នៅក្នុង​រដូវ​បិទ​ការនេសាទ ចាប់ពី​ថ្ងៃ​០១​ខែមិថុនា ដល់ ថ្ងៃទី​៣០ ខែកញ្ញា​នេះ ឲ្យ​បញ្ឈប់​ការនេសាទ​ខុសច្បាប់ ដែល​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​បន្ថែមទៀត​។​

​លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ចាម រួមមាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​, កម្លាំង​នគរបាល​ខេត្ត​, សហគមន៍​នេសាទ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​នៅ​រដូវ​ទឹក​ឡើង ពិសេស​ពេល​បិទ​ឡូ​នេសាទ ទាំង​វិធាន​ការអប់រំ និង​វិធានការ​ច្បាប់​។

​លោក​បន្ថែមថា ទោះបី​បច្ចុប្បន្ន​ទឹក​មិនទាន់​ឡើង​លិច​ឡូ​នេសាទ បទល្មើស​មិនទាន់មាន​ច្រើន ប៉ុន្តែ​សកម្មភាព​សំខាន់ៗ គឺ​ខណ្ឌ​រដ្ឋបាល​ជលផល បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ ទាក់ទង​ទៅនឹង​ការយល់ដឹង​អំពី​ធនធានធម្មជាតិ ពិសេស​ធនធាន​ជលផល ធ្វើ​វេទិការ​សាធារណៈ​ផ្សព្វផ្សាយ​ពី​ច្បាប់​ជលផល អត្ថប្រយោជន៍ និង​ផលប៉ះពាល់​នៃ​ការនេសាទ​ខុសច្បាប់​ទូទាំង​ខេត្ត​។​

​លោក អ៊ុក ណារិន បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការទប់ស្កាត់​និង​បង្ក្រាប់​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព​គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់គ្នា ហើយ​បើ​ឃើញ​មានការ​នេសាទ​ខុសច្បាប់​សូម​រាយការណ៍​មក​អាជ្ញាធរ ឬ​លោក​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ ០១២ ៧២៧ ៣៣៣ ធានា​រក្សា​ការសម្ងាត់​ជូន​ផងដែរ​៕

លោក អឿន ស្រួ​