នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម រួមជា មួយ តំណាង រាស្ត្រមណ្ឌកំពង់ចាម និង មន្ត្រីរាជការ ប្រមាណជិត១០០០នាក់ អញ្ជើញចូលរួមពិធី គោរព វិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ នៅសាស សន្និសីទ ខេត្ត កំពង់ចាម។
ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកំពង់ចាមទាំងអស់ ឯកឧត្តម អ៊ុនចាន់ដា បានសម្តែងនូវព្រះ រាជមរណទុក្ខ យ៉ាងក្រៀម ក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ឯកឧត្តមអភិបាលខេត្តចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈ ដ៏ធំធេង របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាព ទឹកដី កម្ពុជា នាពេលកន្លងមក។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ។
ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបាន តម្កល់ រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ មន្ត្រីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរព ព្រះវិញ្ញាណក្ខន្ធ៕
ដោយ៖ សម ផល្លា