
ដើម្បីឲ្យដំណើការនៃការកៀរគរថវិការសម្រាប់ទ្រងទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ២០២៥ទទួលបានលទ្ធផលល្អ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការទ្រទ្រង់មូលនិធីគន្ធបុប្ផាកម្ពុជាប្រចាំខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុកទាំង១០ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតដែលរៀបចំឡើងនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពីការរៀបចំយុទ្ធនាការកៀរគរថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ២០២៥ នៅក្នុងរវង្វង់នៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងស្មារតី ខ្មែរជួយខ្មែរ និងដើម្បីជួយសង្គ្រោះទារក និងកុមារនៅកម្ពុជាស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
លោក លី សារ៉ារិទ្ធ មានប្រសាសន៍បន្តថា ចំពោះការៀបចំព្រឹត្តិការណ៍កៀរគរថវិការនាឆ្នាំកន្លងទៅ គឺទទួលបានការចូលរួមយ៉ាងច្រើនលើសលប់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឈ អាជីវករ និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងខេត្តកំពង់ចាម គួរជាទីមោទនៈ។
លោកអភិបាលរងខេត្ត បានរំលឹកថា នាឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញ ភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល ៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការជិះកង់រៃអង្គាសថវិការនេះ រដ្ឋបាលខេត្តកំពង់ចាមទទួលបានថវិការ ៤២៣,៥៨៤,៨០០រៀល និង ៨,៩៣៩ ដុល្លារអាមេរិក បានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលទទួលបានពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន, និស្សិត, សិស្សានុសិស្ស, និងព្រះសង្ឃ នៅ ទូទាំងខេត្តកំពង់ចាម តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ចាម។

យកឪកាសនោះដែរ លោកអភិបាលរងខេត្តកំពង់ចាម បានជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាទាំងអស់ សូមចូលរួម ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេស បំផុសចលនាកៀរគរថវិការសប្បុរសធ៌មដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ គ្រប់លំដាប់ថ្នាក់ និងបងប្អូនសប្បុរសជននានា ដើម្បីចូលរួមក្នុងការកៀរគរ ថវិកាយកទៅទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ ក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្ដីស្រលាញ់ដល់កុមារកម្ពុជា ដែលមានបញ្ហាសុខភាព និងទទួលបាន ការពិនិត្យព្យាបាលដោយឥតគិតថ្លៃផងដែរ ។