ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖​សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ជា​បណ្ដោះអាសន្ន

អត្ថបទ៖ នួន សត្យា

ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា « ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ស្ទឹងត្រង់​ក្រូចឆ្មា ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ក្រោយ​លើក​ពេល​សម្ពោធ ដោយសារ​បញ្ហា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​គុ​ម្ភ​: » ។​

​ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដូច្នេះ នា​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ខណៈពេលដែល​លោក​ទេសរដ្ឋមន្ត្រី រួម​ដំណើរ​ដោយ​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា និង​អភិបាលខេត្ត​ត្បូងឃ្មុំ​លោក ជាម ច័ន្ទ​សោភ័ណ ព្រមទាំង​ប្រតិភូ​ជាច្រើន​នាក់​ទៀត ចុះ​ពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ។

​ ឯកឧត្តម ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ទៀតថា ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ស្ទឹងត្រង់​ក្រូចឆ្មា​នេះ តាម​គម្រោង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ​ដោយសារ ត្រូវ​លើក​ពេល​សម្ពោធ ដោយ​វិបត្តិ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ ទើប​លោក​ដឹកនាំ​ប្រតិភូ ដើម្បី​ចុះ​ពិនិត្យ ហើយ​បានទទួល​ការអនុញ្ញាត​ពីរ​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​បើក​ស្ពាន​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី ២៣ ខែ​មិនា​ឆ្នាំ ២០២១ នេះ​តទៅ ជាពិសេស គឺ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ​តែម្ដង ។

​ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ សាឡាង តែ​ធ្លាប់​ចម្លង​នៅក្នុង​ស្រុក​ស្ទឹងត្រង់ ក្រូចឆ្មា​នេះ នឹង​បង្វែរ​យកទៅ​ចម្លង​នៅក្នុង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​វិញ ដោយសារ​ទីនោះ​មិនទាន់មាន​ស្ពាន​ត​ភ្ជាប់​នៅឡើយ ។

​ជាមួយគ្នា​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា អនុវត្ត (៣​កុំ ៣​ការពារ )​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​គឺ​ជម្ងឺ​កាច​សាហាវ កូ​វីដ​-១៩ ទាំងអស់គ្នា ។​