បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ស្នើ​ឲ្យ​ក្រុង​/​ស្រុក មន្ទីរ​/​អង្គភាព ធ្វើ​លិ​ត​ស្នើសុំ​ដើម្បី​ចុះ​ផ្សព្វផ្សាយ ពី​អត្ថប្រយោជន៍​នៃ​ប័ណ្ណ ប​.​ស​.​ស​

អាជ្ញាធរ​ក្រុង​/​ស្រុក និង​មន្ទីរ​/​អង្គភាព នៅ​ទូទាំង​ខេត្តកមពង់ចាម គួ​តែ​ធ្វើលិខិត​ស្នើសុំ​ទៅ​ប្រធាន​ប្រតិភូ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ និង​ព័ត៌មាន​ផ្សេងៗ​ពី​ការប្រើប្រាស់​ប័ណ្ណ (​ប​.​ស​.​ស​) ។​

​នៅ​ថ្ងៃ​ពុធ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្នុង​កម្មវិធី​សន្ទនា​មតិ​នៃ​វិទ្យុជាតិ​ខេត្តកំពង់ចាម​លោក សាយ សុធន ប្រធានការិយាល័យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ខេត្តកំពង់ចាម​មានប្រសាសន៍​ថា ត្រឹម​ខែមីនា​ឆ្នាំ​២០១៩ នេះ ក្នុង​ខេត្តកំពង់ចាម​មានតែ រដ្ឋបាល​សាលាខេត្ត មន្ទីរ​កសិកម្ម​រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ និង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​តែប៉ុណ្ណោះ ដែល​ទទួលបាន​ការចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​មន្ត្រីរាជការ​ពី​អត្ថប្រយោជន៍​នៃ​ប្រើប្រាស់​ប័ណ្ណ (​ប​.​ស​.​ស​) ។​

​លោក សាយ សុធន បន្តថា នៅមាន​មន្ត្រីរាជការ​សាធារណៈ និង​និវត្តន៍​ជន​មួយចំនួន​មិនទាន់បាន​យល់​ពី​អត្ថប្រយោជន៍ និង​ព័ត៌មាន​ផ្សេងៗ​ពី​ការប្រើប្រាស់​ប័ណ្ណ (​ប​.​ស​.​ស​) នៅឡើយ ដូចនេះ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ពួកគាត់​យល់​ពី​ការទទួលបាន​សេវា (​ប​.​ស​.​ស​) កាន់តែច្បាស់ សូម​អាជ្ញាធរ​ក្រុង​/​ស្រុក និង​មន្ទីរ​/​អង្គភាព​នៅ​ទូទាំង​ខេត្តកមពង់ចាម គួ​តែ​ធ្វើលិខិត​ស្នើសុំ​ទៅ​ប្រធាន​ប្រតិភូ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះមក​ផ្សព្វផ្សាយ​បន្ថែម​។​

​ការចែក​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្រាប់​ខេត្តកំពង់ចាម​មាន​មន្ត្រីរាជការ​សាធារណៈ​និង​និវត្តន៍​ជន​ចំនួន​ជាង ១៥​ពាន់​នាក់ ហើយ​ទទួលបាន ប័ណ្ណ (​ប​.​ស​.​ស​) យកទៅ​ប្រើប្រាស់​ទទួល​សេវា​ថែទាំ​សុខភាព និង​ហានិភ័យ​ការងារ​៕

​ដោយៈ លោក អឿន ស្រួ​