ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ​នៅ​ឃុំ​សណ្តែក​មិនទាន់មាន​បង្គន់​ប្រើប្រាស់​

លោក ហ៊​ល ញ៉ុ​ង ប្រធាន​ក្រុមប្រឹក្សាឃុំ​សណ្តែក​បាន​ឲ្យ​ដឹងថា ត្រឹម​ឆ្នាំ​២០១៩​នេះ ទូទាំង​ឃុំ​សណ្តែក ប្រជាជន​ដែលមាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមតែ​ជាង ៩០០​បង្គន់​តែប៉ុណ្ណោះ ក្នុងចំណោម​ប្រជាជន​សរុប​ជាង​៣៤០០​គ្រួសារ​។​


​លោក​មេឃុំ​បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម​ថា តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនធំ ពុំទាន់​គិតគូរ​សង់​បង្គន់​អនាម័យ​ប្រើប្រាស់​នោះទេ ពោលគឺ ការ​បន្ទោបង់​ប្រព្រឹត្តទៅ​នៅ​ទីវាល ឬ​ការ​ជីកដី​កប់​នៅ​ទី​ឆ្ងាយ​ពី​ផ្ទះ​។ បើទោះបី​ចំនួន​បង្គន់​មាន​តិច ប្រហែល​៣០​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប ប៉ុន្តែ​នេះ​ជាការ​កើត​យ៉ាង​លឿន ព្រោះ​ប៉ុន្មាន​ឆ្នាំមុន​មានគ្រួសារ​តិចតួច​ណាស់​ដែលមាន​បង្គន់​អនាម័យ​ប្រើប្រាស់​។

​លោក​បន្ថែមថា ឃុំ​សណ្តែក​មាន​អង្គការ​ចំនួន​៣ ដែល​បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​រដ្ឋបាល​ឃុំ​ដើម្បី​ធ្វើ​បង្គន់​អនាម័យ​ឲ្យ​អ្នក​គ្មាន​លទ្ធភាព ដោយ​ពួកគាត់​គ្រាន់តែ​ជួយ​ជា​បដិភាគ​តិចតួច​ទៅតាម​ប្រភេទ​បង្គន់​តែប៉ុណ្ណោះ​។ លោក​បន្តថា គម្រោង​ឆ្នាំ​២០១៩​នេះ មាន​អ្នក​មក​ចុះឈ្មោះ​ដើម្បី​ធ្វើ​បង្គន់​រួច ចំនួន​៦៨៨​គ្រួសារ និង​មានមក​បន្ត​ចុះឈ្មោះ​ជា​បន្តបន្ទាប់​ទៀត​។ លោក​រំពឹងថា បើតាម​ចំនួន​កើនឡើង​នេះ ត្រឹម​ឆ្នាំ​២០២៣ ឬ​២០២៥ ប្រជាជន​លោក​នឹងមាន​បង្គន់​អនាម័យ​ប្រើប្រាស់​ពី ៧០​ទៅ ៨០​ភាគរយ​។​

ឃុំ​សណ្តែក​ស្ថិតនៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២៨៣៥​នាក់ ដែល​ស្មើនឹង​៣៤៩៥​គ្រួសារ​។​​កង្វះ​បង្គន់​អនាម័យ​ជា មូលហេតុ​ចម្បង ធ្វើ​ឲ្យ​មានការ​បំពុល​ដី ខ្យល់ និង​ទឹក តាមរយៈ​ការ​បន្ទោបង់​នៅតាម​ព្រៃ ឬ​ទីវាល​។ មិន​ត្រឹមតែ​បំពុល​ដល់​បរិស្ថាន ហើយ​វា​ក៏បង្ក​ជា​ផល​លំបាក​ជាច្រើន​ដល់​សុខភាព​មនុស្ស​ផងដែរ​តួយ៉ាង ការចម្លង​មេរោគ​យ៉ាង​ឆាប់រហ័ស ដែល​បង្ក​ឲ្យ រាគរូស មាន​ជំងឺឆ្លង​ផ្សេងៗ​ធ្វើ​ឲ្យ​ខាត​ពេលវេលា រៀនសូត្រ និង​ការរកស៊ី និង​ខាត​លុយកាក់​ចំណាយ​លើ​ការព្យាបាល​ផងដែរ​។​

​ការ​ពុំមាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ ក៏បង្ក​ឲ្យ ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ខ្មាសអៀន និង​អាច​ជួប​បញ្ហា​ផ្សេងទៀត ពេល​ទៅ​បន្ទោរ​បង់​ក្នុងព្រៃ ឬ​ទី​ឆ្ងាយ​ពី​ផ្ទះ ដូចជា​សត្វ​កាច​សាហាវ​ខាំ ឬ​ការបំពាន​លើ​រាងកាយ​ជាដើម​៕

អឿន ស្រួ