ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម ក្នុងស្រុក​ស្ទឹងត្រង់ ចំនួន ៨៩៦​គ្រួសារ ​ទទួលបាន​អំណោយ នាឱកាស​ខែ​រ៉​ម៉ា​ឌន ពី​សមាជិក​រដ្ឋសភា​

កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម សុះ មុះ​សិន សមាជិក​រដ្ឋសភា អនុប្រធាន​សហភាព​ស​ហព​ន្ធ័​យុវជន​កម្ពុជា និង​ជា​ប្រធាន​សមាគមន៍​និស្សិត​មុ​ស្លិ​ម​កម្ពុជា លោកជំទាវ កុល ធា​រិ​ន និង​លោកជំទាវ ខុង ស៊ុន​អេង សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក បាន ស្រេង ប្រធាន ស​.​ស​.​យ​.​ក ស្រុក​ស្ទឹងត្រង់ ព្រមទាំង សមាជិក ស​.​ស​.​យ​.​ក ស្រុក​ចំនួន ១១​នាក់ បាន​ចុះ​ចែក​អំណោយ​ខែ​រ៉​ម៉ា​ឌន ជូន​ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន​សរុប ៨៩៦​គ្រួសារ ។​

​គូសបញ្ជាក់ថា អំណោយ​ដែល​ចូល​ជូន​ប្រជាពលរដ្ឋ​ទាំង ៨៩៦​គ្រួសារ ក្នុងនោះ រួមមាន​ប្រជាពលរដ្ឋ​នៅ ៖ ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់​ចំនួន ២៥៥​គ្រួសារ ។ ភូមិ​បែក​អន្លូង និង​ភូមិ​គីឡូ​៧ ឃុំ​អារក្ស​ត្នោត​ចំនួន ៤១៥​គ្រួសារ ។ ភូមិ​ទួល​សំបួរ និង​ភូមិ​ពោន ឃុំ​ទួល​សំបួរ​ចំនួន ១៧៦​គ្រួសារ ។ និង​នៅ​ភូមិ​ជ្រៃ​ហាយ ឃុំ​ដងក្តារ​ចំនួន ៥០​គ្រួសារ ។ អំណោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ៖ អង្ករ ១២​គីឡូក្រាម ទឹកដោះគោ ០២​កំប៉ុង អំបិល ០១​គីឡូក្រាម ស្ករស ០១​គីឡូក្រាម មី ១០​កញ្ចប់ និង​អូ​វ៉ាន់​ទីន ០១​កំប៉ុង ។​

ដោយឡែក ជាការ​ចូលរួមចំណែក នៅក្នុង​ពិធី​នោះដែរ លោកជំទាវ កុល ធា​រិ​ន និង​លោកជំទាវ ខុង ស៊ុន​អេង ក៏បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ចំនួន ១.០០០.០០០​រៀល ផងដែរ ៕