ប្រជាពលរដ្ឋ ចំនួន ១៧គ្រួសារ នៅឃុំរអាង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកស្រុកកំពង់សៀម

ដើម្បីរួមចំណែក ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក នៅព្រឹកនៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់សៀម ដឹកនាំដោយលោក ប៊ិន ឡាដា អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម និងដោយមានការនិមន្ត ចូលរួមពីៈ ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះអនុគណស្រុកកំពង់សៀម រួមនឹងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម បាននាំយកអំណោយអនុសាខាកាកបាទក្រហមស្រុកកំពង់សៀម និងអំណោយសម្បុរសជននានា ទៅចែកជូនដល់គ្រួសារចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៧គ្រួសារ មកពី ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា មានថេរៈដិកាថា អំណោយសម្រាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិប្រសំ ឃុំរអាង ចំនួន១៧គ្រួសារ ម្នាក់ៗទទួលបាន ថវិកា ៤០,០០០រៀល អង្ករ ២៥ គីឡូក្រាម មី១កេះ, ឃីត១កញ្ចប់ និងសម្ភារៈជាច្រើនមុខទៀត ក្នុងនោះ សាលាអនុគណស្រុក បានចូលរួមបច្ច័យចំនួន ២៧០,០០០រៀលផងដែរ។

លោក ប៊ិន ឡាដា អភិបាល ស្រុកកំពង់សៀម បានពាំនាំនូវប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាក និងងាយរងគ្រោះ ដែលបានមកទទួលអំណោយ នាពេលនេះ ។ លោកអភិបាលស្រុកកំពង់សៀម ក៏បានថ្លែងអំណរព្រះគុណ ចំពោះ ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះមេគណ ខេត្តកំពង់ចាម និងព្រះចៅអធិការវត្តគ្រប់វត្ត ដែលបានបរិច្ចាកទាំងសម្ភារៈបរិក្ខា និងបច័្ចយមួយចំនួន ដើម្បី ចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់សៀម នាពេលកន្លងមក ។

លោកអភិបាលស្រុក បានលើកឡើងថា អំណោយដែលចែកជូននាពេលនេះ គឺដើម្បី ចូលរួមចែករំលែក និងការជួយសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋយើង ដោយមិនប្រកាន់ ជាតិ សាសន៍ ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយឡើយ ពោលគឺ បងប្អូនទទួលបានចំណែកស្មើៗគ្នា ៕

ដោយ៖ ជា គឹមហុង