ផ្ទះ​៥៨​ខ្នង​តាម​ដង​ទន្លេ​ក្នុង​ឃុំ​សូ​គង​ស្រុក​កងមាស​នឹងត្រូវ​រុះរើ ដោយសា​ការបាក់​ច្រាំងទន្លេ​

​អាជ្ញាធរ​ស្រុក​កងមាស​បាន​ឲ្យ​ដឹងថា ផ្ទះ​ចំនួន​៥៨​ខ្នង នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុង​ឃុំ​សូ​គង ស្រុក​កងមាស ខេត្តកំពង់ចាម កំពុង​ប្រឈម​នឹង​ការបាក់​ស្រុត​ចូលក្នុង​ទន្លេ​នៅ​រដូវវស្សា​ឆ្នាំ​២០១៩​នេះ ហើយ​អាជ្ញាធរ​កំពុងតែ​ផ្សព្វផ្សាយ ណែនាំ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​មុនពេល​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។​


​លោក ភោគ សាវុធ អភិបាលរង​ស្រុក​កងមាស មានប្រសាសន៍ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម​ថា បើទោះបី​កម្ពស់​ទឹកទន្លេ​នៅ​ទាប តែ​អាជ្ញាធរ​ខេត្តកំពង់ចាម ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ពិសេស​ផ្ទះ​ដែល​នៅតាម​តំបន់​ដែល​កំពុង​បាក់ស្រុត​ច្រាំង​ចូលទៅក្នុង​ទន្លេ​។

​លោក​បន្តថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​លោក​អភិបាលខេត្ត និង​លោក​អភិបាលស្រុក​កងមាស បាន​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ពិនិត្យមើល​ស្ថានភាព​គ្រោះថ្នាក់​ជាក់ស្តែង និង​ស្រង់​ចំនួន​ផ្ទះ​ដែល​ប្រឈម​នឹង​ការបាក់​ស្រុត​ច្រាំងទន្លេ តាម​ដង​ទន្លេ​ក្នុងនោះ​មាន ឃុំ​សូ​គង ឃុំរ​ការ​គយ ឃុំ​ពាមជីកង ឃុំ​នគរ​បាន ឃុំ​ខ្ចៅ ឃុំ​អាកា​អា ឃុំ​កង​តា​ណឹ​ង និង​ឃុំ​ស្តៅ​។ ដោយ​ឃុំ​សូ​គង មានផ្ទះ​ចំនួន​៥៨​ខ្នង​ត្រូ​ង​រុះរើ ប៉ុន្តែ​ទើប​រើ​បាន​៣​ខ្នង​ប៉ុណ្ណោះ នៅសល់​៥៥​ខ្នង​ទៀត​ដោយសា​ពួកគាត់​ចាំមើល​ស្ថានភាព​បន្តិច​សិន ព្រោះ​ទឹក​មិនទាន់​ហក់​ឡើង​នៅឡើយ និង​ការបាក់​និង​ឃុំ​មួយចំនួនទៀត​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះ​ស្រង់​ស្ថិតិ​។​

​លោក​អភិបាល រង​ស្រុក បាន​បន្ថែមថា អាជ្ញាធរ​ស្រុក បាន​ត្រៀម​រួចជាស្រេច​នូវ​កម្លាំង និង​សម្ភារៈ ដើម្បី​ឆ្លើយ​តមនឹង​គ្រោះទឹកជំនន់​។ លោក​បញ្ជាក់ថា អាជ្ញាធរ​នៅតែ​បង្កើន​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ស្តាប់​សភាព​ការ​ទឹកជំនន់ ពិសេស​អ្នក​នៅជាប់​ច្រាំងទន្លេ​ដែល​អាច​ប្រឈម​នឹង​ការបាក់​ស្រុត​ច្រាំង គឺ​ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​ឲ្យ​ទាន់ពេលវេលា ដើម្បី​មាន​កម្លាំង​ចុះជួយ​រុះរើ ជួយសង្គ្រោះ​តាម​សភាព​ជាក់ស្តែង និង​រក​ទីកន្លែង​មាន​សុ​វត្តិភាព​បញ្ចៀស​ពី​គ្រោះថ្នាក់​កើតឡើង​៕

ដោយ លោក អឿន ស្រួ​