ព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកចែកជូនប្រជារាស្ត្ររងគ្រោះចំនួន ៣៧០គ្រួសារ នៅភូមិ កំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ពិធីនោះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីទួលសុវត្ថិភាពមួយកន្លែង ស្ថិត នៅកំពង់សំណាញ់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ព្រមទាំង ឯកឧត្ដម លោកជំទាវ តំណាងឲ្យក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនទៀត ផងដែរ ។
នាឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំផ្ញើ និងការសាកសួរ សុខទុក្ខ ដោយព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹក យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី សក្ការៈ ដ៏ខ្ពង់ ខ្ពស់ បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេស ព្រះរាជហឫទ័យទុកដាក់ ចំពោះ ជីវភាពរស់នៅ របស់បងប្អូនប្រជារាស្ដ្ររបស់ព្រះអង្គ ដែលទទួលរងគ្រោះដោយសារ គ្រោះធម្មជាតិ ទឹក ជំនន់ នាពេលនេះ ។
គូសបញ្ជាក់ដែរថា ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបាន ព្រះរាជទាន ជូនដល់ ប្រជារាស្ត្ររងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ ទាំង ៣៧០គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ១ផ្ទាំង អាវយឺត ១ និងថវិកាចំនួន ២០ម៉ឺនរៀល ៕
សារ៉ាត