ផលិតដោយ៖ លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន
កំពង់ចាម ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០
មន្ទីរការងារខេត្តកំពង់ចាមបានធ្វើការផ្សព្វផ្សាយដល់បងប្អូនកម្ម ករសិប្បកម្មទ្បឥដ្ឋ និងសំណង់ ឲ្យយល់ដឹងពីអនាម័យសុខភាព គឺត្រូវលាងដៃជាប់ជាប្រចាំមុននឹងញុំាចំណីអាហារ និងអនាម័យខ្លួនប្រាណក្រោយពីធ្វើការរួច ដើម្បីបង្ការពីជំងឺកូវិដ-១៩ និងជំងឺផ្សេងៗទៀត។នេះបើតាមការលើកទ្បើងរបស់កញ្ញា នន់ ស្រីកា មន្រ្តីការិយាល័យអធិការកិច្ចនិងវិវាទការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដែលបានចូលរួមជាវាគ្មិនក្នុងវិទ្យុជាតិភ្នំប្រុសភ្នំស្រី ៩២.៥ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
កញ្ញា នន់ ស្រីកា បានលើកទ្បើងថា កន្លងទៅមន្ទីរតែងតែធ្វើការផ្សព្វផ្សាយជាញឹកញាប់ទៅដល់បងប្អូនដែលប្រកបមុខរបរជាកម្មករតាមសិប្បកម្មទ្បឥដ្ឋ និងតាមការដ្ឋានសំណង់ ឲ្យបង្កើនអនាម័យទាំងនៅកន្លែងធ្វើការនិងនៅផ្ទះ ជាពិសេសក្រោយពីបញ្ចប់ការងារ។
កញ្ញាបានបន្ថែមទៀតថា ភាគច្រើនបងប្អូនដែលធ្វើការសំណង់និងទ្បឥដ្ឋមិនសូវចេះអនាម័យនិងការពារជំងឺ ដូចកម្មកររោងចក្រនោះទេ ដូចនេះមន្ទីរតែងតែជំរុញឲ្យបងប្អូនកម្មករទាំងអស់នោះទៅធ្វើប័ណ្ណ ប.ប.ស. ទាំងអស់គ្នាតាមរយះនិយោជក់របស់ពួកគេ ដើម្បីងាយស្រួលក្នុងការពិនិត្យសុខភាពដោយមិនអស់ថវិកា ហើយក៏បានជំរុញបន្ថែមដល់កម្មករ ឧស្សាហ៍ទៅតាមដាននិងពិនិត្យសុខភាពជាញឹកញាប់ ដើម្បីបង្ការជំងឺផ្សេងៗ ជាពិសេសបង្ការជំងឺកូវិដ-១៩៕