មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានណែនាំឲ្យគ្រប់សាលាទាំងអស់ សហការណ៍ជាមួយអាជ្ញាធរ ធ្វើយុទ្ធនាការផ្សព្វផ្សាយទូទាំងខេត្ត ដើម្បីរំលឹកដល់អាណាព្យាបាល នាំកុមារដែលមានអាយុ៦ឆ្នាំ ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា និងឲ្យបានមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមលោក ជា សុខចំរើន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ដំណើរការទទួលពាក្យចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីប្រព្រឹត្តពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា និងចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការបើកយុទ្ធនាកាផ្សាយនេះ ក្នុងគោលបំណង រំលឹកដល់មាតាបិតា អាណាព្យាបាល ដែលមាន កូនចៅគ្រប់អាយុ ០៦ ឆ្នាំ ដើម្បីនាំទៅចុះឈ្មោះចូលរៀន និងជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យបន្តការសិក្សាទៅមុខទៀត។ នេះបើតាម លោក ជា សុខចំរើន។ លោកបានបន្ថែមថា ក្នុងខេត្តកំពង់ចាមមានសាលាបឋមសិក្សាចំនួន ៤៣៧សាលា នៅទូទាំងឃុំ សង្កាត់ក្នុងខេត្តកំពង់ចាម។ នៅខេត្តកំពង់ចាមការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០១៨-២០១៩ មានសិស្ស ៩៦,៨០% លើសផែនការរបស់ក្រសួងដែលបានកំណត់ដែលមាន ៩៦,៥០% ។
លោក ជា សុខចំរើន ថាមន្ទីរមានសង្ឃឹមយ៉ាមុតមាំថា ឪពុកម្តាយ ឬអាណាព្យាបាលនឹងបាននាំកូនដែលគ្រប់អាយុ៦ឆ្នាំ ទៅចុះឈ្មោះចូលឲ្យបានគ្រប់គ្រប់គ្នានៅសាលាដែលនៅជិតផ្ទះ ហើយបើគ្រួសារមានជីវភាពក្រីក្រសូមទាក់ទងទៅអាជ្ញាធរភូមិ ឃុំ ឬលោកនាយកសាលា នោះនឹងទទួលបានអាហារូបករណ៍ និងអាហារូបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា៕
ដោយ អឿន ស្រួ