មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ព្រមាន​ជាថ្មី​បិទ​យានដ្ឋាន​ដែល​គ្មាន​ច្បាប់​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម សហការ​ជាមួយ​រដ្ឋបាល​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច នឹង​ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​គ្មាន​ច្បាប់​ចំនួន​ទាំង​១៦​កន្លែង នៅក្នុង​នៅ​ទូទាំង​ខេត្តកំពង់ចាម ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​ទៅ​បំពេញបែបបទ​ផ្លូវច្បាប់​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​មិន​ស្តាប់​។ ​នេះ​ជាការ​លើកឡើង​របស់ លោក ទុយ ស្រ៊ុន ប្រធានការិយាល័យ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ​។​

លោក​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​និង​ចុះ​ណែនាំ​ដល់ទី​តាំង​ផ្ទាល់ ក៏មាន​អ្នកបើក​អាជីវកម្ម​មួយចំនួនធំ​បានមក​សុំច្បាប់​បើក និង​សុំ​ចុះបញ្ជី​យានដ្ឋាន​ជួសជុល​និង​កែច្នៃ​យានយន្ត ក៏ប៉ុន្តែ​នៅ​មួយចំនួន​តូច​នៅតែ​មិន​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ធ្វើ​អាជីវកម្ម និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅឡើយ​។
​លោក​បន្តថា នៅ​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ដែនដី ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​គ្មាន​ច្បាប់ ក្នុងនោះ​ខេត្តកំពង់ចាម​មាន​ចំនួន​១៦​កន្លែង នៅ​ស្រុក​បាធាយ ព្រៃឈរ ជើងព្រៃ ចំការលើ ស្ទឹងត្រង់ និង​កំពង់សៀម ខណៈ​ដែរ​ពិនិត្យឃើញថា មិនមាន​ច្បាប់​ត្រឹមត្រូវ​។​

​ខេត្តកំពង់ចាម​មាន​យានដ្ឋាន​ជួលជុល​និង​កែច្នៃ​យានយន្ត​សរុប ៣៨៨​កន្លែង ក្នុងនោះ​នៅមាន​១៦​កន្លែង​មិនទាន់​មក​ចុះបញ្ជី​យានដ្ឋាន និង​សុំច្បាប់​ធ្វើ​អាជីវកម្ម​។ លោក ទុយ ស្រ៊ុន ក៏បាន​អំពាវនាវ ឲ្យ​ម្ចាស់​អាជីវកម្ម​យានដ្ឋាន​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ស្របតាម​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា មុនពេល​ក្រុមការងារ​ចុះទៅ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ​អាជីវកម្ម​៕

​លោក អឿន ស្រួ​