មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម បាន​ជួយ​ជុល​រួច​ហើយ រង់ចាំតែ​ថ្ងៃ​បើកអោយ​ដំណើរការ

ថុង សីហា

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជម្រុញ​ព​ន្លឿ​ន​ការជួសជុល​មន្ទី​ពេទ្យ​មេគង្គ ខណៈដែល រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់​។ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល ឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ ឯកឧត្ដម​លោកជំទាវ ជា​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ដំណើរការ​ជួសជុល​មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ នេះ ។​

​ពេលនេះ មន្ទីរពេទ្យ​មួយ​នេះ ធ្វើការ​ជួសជុល​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ​-១៩ មាន ៣៨០​គ្រែ​សម្រាប់​ដាក់​ព្យាបាល​អ្នក​ជម្ងឺ​។ ដោយឡែក ដោយសារ​រដ្ឋបាលខេត្ត រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មានការ​កើនឡើង ហេតុ​ដូច្នេះហើយ ទើប​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្ដម អ៊ុន ចាន់​ដា រួម​និង​អ្នកពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ ដើម្បី​ព​ន្លឿ​ន​ការជួសជុល​មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម​នេះ ឲ្យ​បាន​ឆាប់​រួចរាល់ ដើម្បី ត្រៀម​ដាក់​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តកំពង់ចាម​ផង និង​មកពី​ខេត្ត​ត្បូងឃ្មុំ ផងដែរ ។ មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម មកដល់ពេលនេះ ការងារ​ជួសជុល​គម្រោង​ខាងលើ ស​ម្រ​ច​ការងារ​បាន ១០០% ហើយ ដោយ​រង់ចាំ​បេ​ី​ក​អោយ​ដំណេ​ី​រការ​ទេ ។ ទោះយ៉ាងណា នាបច្ចុប្បន្ន​នេះ ក្រុម​ជាង​កំពុង​មមាញឹក ក្នុងការ​បោសសម្អាត កំទិចកំទី​ដែល​សេសសល់​។
​សូម​រំលឹក​ដែរ​ថា បន្ទាប់ពី​ការ​គម្រាមកំហែង នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានសម្រេច​ឲ្យ​រដ្ឋបាល ខេត្តកំពង់ចាម យក​សណ្ឋាគារ​មេគង្គ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​កើត​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​មកពី​ខេត្ត​ត្បូងឃ្មុំ ៕​