រយៈពេល​៧​ខែ​ ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម​ទទួលបាន​ពាក្យ​ ​បណ្ដឹង​ករណី​ហិង្សា​ក្នុង​គ្រួសារ​៨​ករណី​


​លោក​វីរៈ​សេនីយ៍​ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ផ្ទាល់មាត់​និង​ពាក្យបណ្ដឹង លាយ​ល័​ក្ខ​អក្សរ​ភ្លាម មន្ត្រីនគរបាល​បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ ហិង្សា​ក្នុង​គ្រួសារ ប្រមូល​វត្ថុតាង កសាង​សំណុំរឿង​ទៅកាន់​តុលាការ​។​

​លោក​វីរៈ​សេនីយ៍​ឯក ថា​ញ់ សុខ​វុន​ថា បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ផ្ទាល់មាត់​ពី​ស្ត្រី​រងគ្រោះ ដោយ​ហិង្សា​ក្នុង​គ្រួសារ មន្ត្រីនគរបាល​ប៉ុស្តិ៍​បាន​ណែនាំ​ដល់​ស្ត្រី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អាជ្ញាធរ​ដែល​ជិត​បំផុត​ដូចជា​អាជ្ញាធរ​ឃុំ មន្ទីរ​កិច្ចការនារី ដើម្បី​ទទួលបាន​យុត្តិធម៌​ក្នុងករណី​ហិង្សា​ក្នុង​គ្រួសារ​។​លោក​បន្តថា ការដាក់​ពាក្យបណ្ដឹង​ក្នុងករណី​ហិង្សា​ក្នុង​គ្រួសារ​មិនត្រូវ​ចំណាយ​ថវិការ​នោះទេ ប្រសិនបើ​ការដាក់​ពាក្យបណ្ដឹង​ត្រូវបាន​យក​សេវា​ពី​មន្ត្រីនគរបាល ណាមួយ​សូម​រាយការណ៍​មកកាន់​ស្នងការ​ខេត្ត​ភ្លាម ហើយ​ស្ត្រី​រងគ្រោះ​ត្រូវបាន​គាំទ្រ​ដោយ អាជ្ញាធរ​។​

​កាលពី​ឆ្នាំ​២០១៨ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ទទួលបាន​ពាក្យបណ្ដឹង​អំពើហិង្សា​ក្នុង​គ្រួសារ ២៦​ករណី ថយចុះ​១៨​ករណី បង្ក្រាប​ជាក់ស្ដែង​ចំនួន​៧​ករណី​។​

មួន ធារី