បន្ទាប់ពីទទួលបានរបាយការណ៏អាជ្ញាធរស្រុកចំការលើ និង ស្រុកស្ទឹងត្រង់ថាមានប្រជាពលរដ្ឋចំនួន២គ្រួសាររងគ្រោះដោយការរំលោភ និង បៀតបៀនផ្លូវភេទ លោកជំទាវ កុល ធារិន តំណាង ឯកឧត្តម ហ៊ុន ណេង សមជិកអចិន្ត្រៃយ៏រដ្ឋសភា និង ជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ បានដឹកនាំប្រតិភូមួយក្រុម ដោយមានការចូលរួមពី លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវប្រធាន អនុប្រធាន គណៈកម្មាធីការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង ការអភិវឌ្ឍន៏ខេត្ត អាជ្ញាធរស្រុកចំការលើនិងស្ទឹត្រង់បានចុះទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយករណីរំលោភនិងបំពានផ្លូវភេទនាព្រឹកថ្ងៃ ១៦ សីហា ។
មានប្រសាសន៏ទៅកាន់អាជ្ញាធរនិងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពេលនោះ លោក ជំទាវ កុល ធារិន បញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដូចជានៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ឬ រងគ្រោះដោយបញ្ហាអ្វីមួយគឺចុះមកជួយនិងដោះស្រាយគ្រប់ពេលវេលា។លោកជំទាវបញ្ជាក់ថាៈបងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់មកលើអាជ្ញាធរជាពិសេសអាជ្ញាធរនៅមូលដ្ឋានដែលគាត់ដឹងច្បាស់ពីទុក្ខលំបាករបស់បងប្អូន។នៅក្នុងឱកាសនោះ លោកជំទាវ សំណូមពរដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាពិសេសក្រុមគ្រួសារជនរងគ្រោះត្រូវយកចិត្តទុកដាក់ថែរទាំជនរងគ្រោះផ្តល់ការលើកទឹកចិត្តនិងទៅរកសេវាសុខភាពនៅមណ្ឌលសុខភាពដែលនៅជិត។
បន្ទាប់មកគណៈប្រតិភូ និង ក្រុមការបានប្រគល់ទេយ្យទាន និង ថវិកា ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ណេង និង លោកជំទាវ ដែលគ្រួសារទី១ រស់នៅស្រុកស្ទឹងត្រង់និង គ្រួសារទី២ នៅស្រុកចំការលើ សុបទឹកប្រាក់ ចំនួន ៧២ ម៉ឺនរៀល ។
សម ផល្លា