លោកជំទាវ អន​ហេង លក្ខិណា ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​

ដើម្បី​លើក​ផែនការ​សកម្មភាព​សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ពាក​ព​ន្ធ័​ទៅនឹង​សមភាព​យេនឌ័រ​ ស្ត្រី​ យុវវ័យ កុមារ​ និង​ជន​ងាយ​រងគ្រោះ​នៅក្នុង​ដែន​សមត្ថកិច្ច លោកជំទាវ អន​ហេង លក្ខិណា ​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និង​កុមារ​សម្រាប់​ខែកញ្ញា​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​និង​រក​ដំណោះស្រាយ ​ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​តូច​សាលាខេត្ត​នា​រសៀល​ថ្ងៃ ១២​កញ្ញា​។​

​មាន​ប្រសា​ស​ន៏​នៅក្នុង​កិច្ចប្រជុំ លោកជំទាវ អន​ហេង លក្ខិណា​ បានលើកឡើង​ថា កិច្ចប្រជុំ​ថ្ងៃនេះ ​គឺ​គោលបំណង​ពិនិត្យឡើងវិញ​នូវ​សកម្មភាព​អនុវត្ត​ខែ​កន្លងមក និង រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រុមការងារ​ជំនាញ​ជួប​ការលំបាក​ដើម្បី​ស្នើសុំ​ទៅ​ថ្នាក់លើ​បន្ត​។​

​នៅក្នុង​កិច្ចប្រជុំ​គឺ​បាន​លើកយក​បញ្ហា​ប្រឈម​ចំនួន​២ ដាក់ជូន​អង្គប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ទី​១ ​គឺ​ប្រមូល​ស្ត្រី​ដែល​គាត់​មាន​សតិ​មិនល្អ​ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព​និង​មានការ​ថែ​រទាំ​ព្យាបាល​អោយបាន​ជាសះស្បើយ​មុននឹង​អោយ​គាត់​ទៅ​លំនៅដ្ឋាន​វិញ​។ បញ្ហា​ទី​២ នៅតាម​មូលដ្ឋាន​ជនបទ​មួយចំនួន​នៅតែមាន​ក្មេង​បោះបង់​ការសិក្សា​ដោយមាន​ការអះអាង​ពី​អាណាព្យាបាល​ថា​ក្រ​មិនមាន​លទ្ធភាព​អោយទៅ​រៀន​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏បាន​លើកយក​សេចក្តីព្រាង​នៃ​កិច្ចប្រជុំ​សាមញ្ញ​សម្រាប់​ខែ​បន្តបន្ទាប់​ទៀត​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ព្រមទាំង​ការ​កណ​ត់​ប្រមូល​របាយ​ការ​ណ៏​ដើម្បី​បូក​សារុប​អោយបាន​ទាន់ពេលវេលា ៕

សម​ ផល្លា