លោកជំទាវ ឱ វណ្ណឌី​ន នាំ ថេប​ប្លេ​ត ១៤០​គ្រឿង អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ដល់ជូន​មន្ត្រី​សុខាភិបាល ៤​ខេត្ត

នួន សត្យា

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស បាន​នាំយក ថេប​ប្លេ​ត ចំនួន ១៤០ គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់ជូន​មន្ត្រី​សុខាភិបាល​ចំនួន ៤ ខេត្ត សម្រាប់​សម្រួល​ក្នុង​ការងារ​ចុះបញ្ជី​ឈ្មោះ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីត​-១៩ ក្នុងនោះ​ខេត្តកំពង់ចាម​ទទួលបាន ៨០​គ្រឿង , ខេត្ត​ត្បូងឃ្មុំ​ទទួលបាន ២៦ គ្រឿង , ខេត្តក្រចេះ ២៤ គ្រឿង នៅ​ខេត្តមណ្ឌលគិរី​ទទួលបាន ១០ គ្រឿង ។

​ពិធី​ប្រគល់​ទទួល​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដែលមាន​វត្តមាន​លោកជំទាវ ​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីត​-១៩ លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ។

​ស្ថិតក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត គឹម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ លើក​ទី ២ នេះ មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត​កំពង់ចាម ទទួលបាន​វ៉ាក់សាំង​សរុប ចំនួន ៤៩.៨៧៦ ដូ​ស សម្រាប់​ចាក់​ជូន ២៤.៩៣៨​នាក់ ។

​លោក​វេជ្ជបណ្ឌិត គឹម​សួរ ភីរុណ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ ២០២១ នេះ យុទ្ធនា​ការលើក​ទី ២ ចាក់​វ៉ាក់សាំង​ជុំ​ទី​១ បាន​ចំនួន ១៨.១៨៣ នាក់ ស្មើរ​និង ៧០%​ហើយ នៅសល់ ៣០ % ទៀត​កំពុង​បន្ត​ចាក់ នៅតាម​ទីកន្លែង​ទទួល​ចាក់​វ៉ាក់សាំង​ចំនួន ២៩ ទីតាំង ទូទាំង​ខេត្តកំពង់ចាម ។​

​ក្នុងឱកាស​នោះដែរ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ នូវ​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​គំនិត​ផ្ដួចផ្ដើម​របស់ លោកជំទាវ ឱ វណ្ណឌី​ន ផ្ដល់​ជា​យោបល់​ដល់​ប្រមុខ​រដ្ឋាភិបាល ។​ម្យ៉ាងទៀត​សម្ភារៈ​ទាំងនេះ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​របស់​ក្រុមគ្រូពេទ្យ ដែល​កំពុង​បំរើ​ការងារ​យ៉ាង​មោះមុត នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នាពេលនេះ​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រសួងសុខាភិបាល លោកជំទាវសូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មន្ត្រីរាជការ បុគ្គលិក​វិស័យ​សុខាភិបាល​ជួរមុខ​នៅ​ទូទាំងប្រទេស ដែល​បច្ចុប្បន្ន​កំពុងតែ​មមាញឹក​នៅក្នុង​ការ ប្រយុទ្ធប្រឆាំង​ជំងឺ​មួយ​នឹង​ការ​រាតត្បាត នៅ​ជំងឺ​កូ​វីដ​-១៩ ។ ទន្ទឹមនឹង​នេះដែរ លោកជំទាវ​ក៏បាន​សម្ដែង​ការ​អរគុណ​ដល់ ឯកឧត្តម​-​លោកជំទាវ ដែលជា​អភិបាល នៅ​គណៈ​អភិបាល រាជធានី​-​ខេត្ត ទាំង​២៥ ដែល​បាន​ខិតខំ​ទាំងថ្ងៃទាំងយប់ រួមគ្នា​ដើម្បី​ចាត់ចែង​ដោះស្រាយ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ដែន​សមត្ថកិច្ច​រៀង​រាងខ្លួន បាន​យ៉ាង​ល្អប្រសើរ​។

​លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​ផងដែរ​ថា ទន្ទឹមនឹង​ការខិតខំ​ខាងលើនេះ អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ការចាក់​វ៉ាក់សាំង ព្រោះ​វា​ជា​ឧបករណ៍​មួយ​អាចជួយ​យើង​បន្ថែមទៀត ធ្វើ​ឲ្យ​សរីរាង្គ​របស់​យើង​មាន​កងការពារ​គ្រប់គ្រាន់ សម្រាប់​វាយបក​ទៅវិញ​នៅពេលដែល​ជំងឺ​កូ​វីដ​-១៩ ចូលមក​យាយី លើ​សារី​រា​ង្គ​របស់​យើង នឹងមិន​ធ្វើ​ឲ្យ​សារី​រា​ង្គ​របស់​យើង​មាន​ជំងឺ​ធ្ងន់ធ្ងរ កាត់បន្ថយ​បានការ​ចូលទៅ​មន្ទីរពេទ្យ នឹង​កាត់បន្ថយ​បាន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ ។​