ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសុំឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់នៅក្នុងខេត្តកំពង់ចាម ចូលរួមជួយទប់ស្កាត់ គ្រឿងញឿនជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនទទួលបានលទ្ធផលជាវិជ្ជមាន ព្រោះទីតាំងទាំងនេះជាគោលដៅសំខាន់ក្នុងវិធានការទប់ស្កាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
នេះជាការលើកឡើងរបស់លោកវរៈសេនីយ៍ឯក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្នុងពិធីសន្ទនាមតិ វិទ្យុជាតិខេត្តកំពង់ចាម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
លោកវរៈសេនីយ៍ឯក ក៏បានអំពាវនាវឲ្យគ្រប់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់នៅក្នុងខេត្តកំពង់ចាមសហការជាមួយសមត្ថកិច្ច ដើម្បីអាចឈានដល់កំណត់មុខសញ្ញាអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀននៅគោលដៅនោះឲ្យមានប្រសិទ្ធភាព។
លោកវរៈសេនីយ៍ឯក បន្ថែមថា សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ជាគោលដៅមួយ ដែលទាមទារការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់មិនឲ្យមានអំពើជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ដោយទីតាំងទាំងនេះនឹងត្រូវបានគេយកទៅប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសបានដោយងាយ ទើបត្រូវទាមទាឲ្យម្ចាស់ទីតាំងត្រូវមានការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងត្រូវសហការជាមួយសមត្ថកិច្ច។
ក្នុងខេត្តកំពង់ចាមមាន សណ្ឋាគារចំនួន ១៧កន្លែង ផ្ទះសំណាក់ ១២៥កន្លែង និងផ្ទះជួលចំនួន ៤២០កន្លែង៕
ដោយ៖ លោក អឿន ស្រួ