សប្បាយដ្ឋាន ក្នុង​ខេត្តកំពង់ចាម​ស្ថិតក្នុង កម្រិត​បៃតង​របស់​សមត្ថកិច្ច​ករ​ណី​គ្រឿងញៀន​

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ថា ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ នៅ​ទូទាំង​ខេត្តកំពង់ចាម មិនទាន់មាន​បញ្ហា បទល្មើស​គ្រឿងញៀន​គួរឱ្យកត់សម្គាល់​នោះទេ បើសិន​ជាមាន​អាជ្ញាធរ​នឹង​ចាត់វិធានការ​បង្ក្រាប​ភ្លាម​តែម្តង​។​

​លោក វរៈសេនីយ៍ឯក អ៊ី​ម សៀង​ឌី ស្នងការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ជា​លេខា អចិន្ត្រៃយ៍ នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខុសច្បាប់ ខេត្តកំពង់ចាម បាន​ប្រាប់​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​០២ ខែមិថុនា នេះ​ថា ក្នុង​ខេត្តកំពង់ចាម មាន​ក្លឹប​កម្សាន្ត ចំនួន​២ កន្លែង និង​ហាង​ខារ៉ាអូខេ ចំនួន​៨៤​កន្លែង ។ លោក​បញ្ជាក់ថា កន្លែង​ទាំង​នោះបាន​ចូលរួម​សហការ​ល្អ និង​ត្រូវបាន​ចាត់​ចូលក្នុង​កម្រិត​ព័ណ៌​បៃតង​របស់​សមត្ថកិច្ច ។​

​កាពិ​ពេល​ថ្មីៗ​នេះ គេហទំព័រ​ផ្លូវការ​របស់​ស្នងការ​នគរបាលជាតិ​បាន​ចុះផ្សាយ​ថា កន្លែង ក្លឹប​កម្សាន្ត និង​សប្បាយដ្ឋាន​នានា ជា​គោលដៅ​ដែល​ងាយ​កើតឡើង​នូវ​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់ និង​យកចិត្តទុកដាក់​ខ្ពស់ និង​សម្រេច​លុបបំបាត់​ឱ្យអស់​នៅ​ចុងឆ្នាំ​២០១៩​។​

​ដើម្បី​ឆ្លើយតប​នឹង​អនុវត្ត​សម្រេចបាន​តាម​ការគ្រោង​ទុក លោក​វរៈសេនីយ៍ឯក អ៊ី​ម សៀង​ឌី ថ្លែងបន្តថា សមត្ថកិច្ច​ជំនាញ​នៃ ស្នងការ​នគរបាល​ខេត្ត ក្រោម​ការចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព តាម​ទីតាំង​គោលដៅ និង​អប់រំ​ណែនាំ​ម្ចាស់​អាជីវកម្ម ព្រមទាំង​ធ្វើ​កិច្ចសន្យា​សហការ​ជាមួយ​សមត្ថកិច្ច និង​បង្កើន​ការសហការ​ល្អ​ជាមួយគ្នា ។​

​លោក​ថា ក្រោយពី​អនុវត្ត​វិធានការ សរុបមក បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​មាន​ភាព ល្អ​ប្រសើរឡើង​មួយកម្រិត ។ តែ យ៉ាងណា​លោក​នៅ​បន្ត​ការស្នើសុំ​ការសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​មហាជន ក្នុងការ​រាយការណ៍​ករណី​ឃើញ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង ។​

​នៅក្នុង​ខេត្តកំពង់ចាម រយៈពេល​ឆ្នាំ​២០១៨ មកដល់​ខែ​៥​ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត​បាន​បង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់ គ្រឿងញៀន បាន​ចំនួន ៣៩៨​ករណី ក្នុងនោះ​ឃាត់ខ្លួន​បាន​ចំនួន​១១៨៦​នាក់ ស្រី​៥១​នាក់ ៕

ស៊ឹម​ខុន​បញ្ញា​រ៉ា​