សមត្ថកិច្ច​ត្រូវការពារ​សន្តិសុខ​សណ្តាប់​ជូន​ពលរដ្ឋ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែកញ្ញា​នេះ ឧ​ត្ត​ម​សេនីយ​ត្រី សោម រស់ ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម មានប្រសាសន៍ថា លោកស្នងការ​បានដាក់​ចេញ​នូវ​ផែនការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្នងការ អធិការនគរបាល​ក្រុង​/​ស្រុក និង​កង កម្លាំង​ទាំងអស់​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ត្រូវខិតខំ​ប្រឹងប្រែង​ការពារ​ធនា​នូវ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ស្នងការរង​បន្ថែមថា រដូវ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​ពុទ្ធបរិស័ទ មានឱកាស​ក្នុងការ​ធ្វើបុណ្យ ធ្វើ​ទាន​សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ផ្សេងៗ ជាពិសេស​តាម​ទី​អា​រ៉ា​ម​នានា​។ ដូច​ច្នេះ កម្លាំង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ នឹង​បង្កើន​កិច្ចការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ជូន​ពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ត្រូវគោរព​ច្បាប់ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ ពិតជា​បាន​ចូលរួម​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សហ​ការណ៍​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម និង​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​បានល្អ​។ ចំណែក​នៅតាម​ទីវ​ត្ត​អារាម ឬ​កន្លែង​កំសាន្ត​នានា ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ជនខិលខូច ហើយ​ត្រូវ​រាយការណ៍​មក​ប្រជា​ការពារ ឬ​សមត្ថកិច្ច​នៅពេល​សង្ស័យ​ទៅលើ​ជន​ណាមួយ​ដែល​អាច​បង្ក​អសន្តិសុខ​ណាមួយ​។

លោក ឈួន វិបុល អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​កំពង់សៀម បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ​២០២៩​នេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០១៩​។ អាជ្ញាធរ​ស្រុក​កំពង់សៀម​បានធ្វើ​ផែនការ ការពារ​សន្ត​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ដោយ​ដាក់​ផែនការ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​៕

លោក អឿន ស្រួ​