សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអំណោយផ្ទះថ្មី​១ខ្នង​ ដល់ស្ត្រីមេម៉ាយក្រីក្រកូនច្រើនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

ចិន សារ៉ាត

នៅថ្ងៃទី​១៦ខែតុលាឆ្នាំ២០២១នេះ​ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី​១ខ្នង​ ជូន​ក្មួយស្រីម្នាក់ ឈ្មោះ សន វី អាយុ​ ៣៦ឆ្នាំ​ ដែលជាស្រីមេម៉ាយទ័លលំបាកមានកូនប្រុសស្រីចំនួន ៦នាក់និងចៅស្រី​១នាក់ ​ក្នុងបន្ទុកស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានក្មួយស្រី សន វី១ខ្នងមានទំហំ5ម×7 មធ្វើពីឈើប្រក់ស័ង្កសី​ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាបានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះ។ជាមួយនោះឯកឧត្តមហ៊ុនណេងក៏បានអញ្ជើញចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ហើយបានសម្រេចផ្តល់ជូនផ្ទះថ្មី១ខ្នងជូនក្មួយស្រីខាងលើដើម្បីបានស្នាក់អាស្រ័យសមរម្យថូចអ្នកដទៃផងដែរ។

ក្នុងឱកាសនោះ​ ឯកឧត្តម ហ៊ុន ណេង បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះលោកយាយលោកតាប្រជាពលរដ្ឋទាំងអស់និងបានអំពាវនាវសូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អរស់នៅត្រូវមានអនាម័យស្អាតសម្រាន្តក្នុងមុងនិងពិសារទឹកឆ្អិនដាំពុះជានិច្ច​ជាពិសេសត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ដោយអនុវត្ត​តាមវិធានសុខាភិបាល”៣ការពារ​៣កុំនិង២ចូលរួម”ឱ្យបានខ្ជាប់ខ្ជួន​ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះព្រមទាំងសូមជូនពរដល់ក្មួយស្រីម្ចាស់ផ្ទះ​និងលោកយាយលោកតាទាំងអស់​សូមមានសុខភាពរឹងមាំអាយុយឺនយូរហើយបន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាពនិងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា​ផ្ទះ​១ខ្នងថ្មីនេះ​ចំណាយថវិកា៨.៦៥០ដុល្លារ(ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក)សង់ពីឈេីខ្ពស់ផុតពីដី​២ម៉ែត្រ​,​មានទំហំ៥មx៧មដំបូលប្រក់ស័ង្កសីភ្លីធំជញ្ជាំងស្មាបរនាបឬស្សីមានបង្អួច៣ជណ្តេីរធ្វើពីឈើមានប្រព័ន្ធអគ្គិសនីប្រេីប្រាស់ថាមពលព្រះអាទិត្យ​(Solar)អាចប្រេីទូរទស្សន៍១​កង្ហារ​១​និងអំពូល៥និងមានផ្ទះបាយជាប់ខាងក្រោយផ្ទះ​។

ដោយឡែកដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​របស់ស្ត្រីខាងលើសាខាបានផ្តល់ជូនអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគសម្រាប់សង្កត់ផ្ទះដែលរួមមាន៖អង្ករ​៥០គ.ក្រមី២កេសត្រីខ២០កំប៉ុងទឹកត្រី១២ដបទឹកស៊ីអ៊ីវ១២ដបឃីត​(មុង​ភួយ​សារុង​ក្រមា)​២កញ្ចប់អអាវយឺត១៦សម្ភារផ្ទះបាយ​និងសម្ភារប្រេីប្រាស់ក្នុងផ្ទះចំនួន​២៧មុខព្រមទាំងថវិកា៥០ម៉ឺនរៀល។

ជាមួយនោះលោកយាយ​លោកតា​ចំនួន​២០នាក់​ដែលអញ្ជេីញចូលរួមជាសាក្សីក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ក្នុងម្នាក់ៗទទួលបាន​៖អង្ករ២៥គ.ក្រទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរត្រីខ១០កំប៉ុងឃីត(មុង​ភួយ​សារុង​ក្រមា​អាយឺត)​១កញ្ចប់អាវយឺត៤ម៉ាស់៥បន្ទះនិងថវិកា២ម៉ឺរៀលផងដែរ៕