
នៅថ្ងៃទី ៦ ខែមេសា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រគល់ជូនលិខិតរដ្ឋបាលមួយច្បាប់ជូនម្ចាស់អាជីវកម្មឡឥដ្ឋ នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលលិខិតនោះបញ្ជាក់អំពីការបើកឲ្យអាជីវកម្មផលិតសំណង់មានដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី ៥ ខែមេសា ម្សិលមិញ ។
ឯកឧត្តម ហាន កុសល អភិបាលរង ខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម ត្រូវបានចាត់តាំងឲ្យនាំយកលិខិតនេះទៅជូនម្ចាស់អាជីវកម្មឡឥដ្ឋដោយផ្ទាល់ នៅថ្ងៃទី ៦ ខែមេសា នេះ តែម្តង ។ សកម្មភាព នៃការបើកឡើងវិញអាជីវកម្មឡឥដ្ឋនៅថ្ងៃនេះ ក៏មានការចូលរួមដែរពីលោកអភិបាលស្រុកកងមាស លោកមេឃុំព្រែកក្របៅ កម្លាំងប្រដាប់អាវុធមូលដ្ឋាន និងយុវជន សហភាព សហព័ន្ធយុវជន កម្ពុជា ស្រុកកងមាស ។
ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលជិត១ខែ តាំងពីថ្ងៃទី ៦ ខែមីនា មក រួមទាំងម្ចាស់អាជីវកម្មឡឥដ្ឋផង សរុបទាំងអស់ ១២គ្រួសារ ត្រូវបានរដ្ឋបាលខេត្តប្រកាសឲ្យចាប់ផ្តើមឡើងវិញអាជីវកម្មឡឥដ្ឋ ដែលមានន័យថាបងប្អូនកម្មករទាំងអស់នៅទីនោះ ត្រូវបានបញ្ចប់ដោយជោគជ័យនូវការធ្វើចត្តាឡីស័ក និងអាចវិលមកធ្វើការវិញ នៅថ្ងៃទី ៥ ខែមេសា ក្រោយពីអ្នកឆ្លងជំងឺកូវីដ ១នាក់ ឈ្មោះ មិន ស៊ីថាន ដែលដចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវបានធ្វើតេស្តអវិជ្ជមានលើកចុងក្រោយ កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅ។ សូមបញ្ជាក់ ថា បុរសម្នាក់នេះ ត្រូវបានរកឃើញថាមានលទ្ធផលវិជ្ជមាននៅថ្ងៃទី ៦ ខែមីនា និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោយពេលគាត់បានធ្វើដំណើរមកពីខេត្តព្រះសីហនុមកកាន់ស្រុកកំណើត ពោលគឺឃុំព្រែកក្របៅ ស្រុកកងមាស ហើយគាត់ត្រូវបានក្រុមគ្រូពេទ្យខេត្តអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី ៤ ខែ មេសា ក្រោយពីលទ្ធផលសតេ្តអវិជ្ជមានចុងក្រោយ ។

ជាមួយការអបសាទរចំពោះការជាសះស្បើយនេះ និងការប្រកាសឲ្យអាជីវកម្មឡឥដ្ឋនេះមានដំណើរឡើងវិញ បងប្អូនកម្មករទាំងអស់ ត្រូវបានផ្តល់ជូននូវសម្ភារៈ និងថវិកា ដោយក្នុង១គ្រួសារទទួលបាន ទឹកក្រូចដបធំ ១យួរ ស្មើនឹង ៦ដប ឧបត្ថម្ភដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថវិកា ២០,០០០រៀល ដែលឧបត្ថម្ភរបស់រដ្ឋបាលស្រុកកងមាស និងប័ណ្ណផ្សព្វផ្សាយអំពីវិធានការ ៣ការពារ និង៣កុំ ដែលជាប័ណ្ណបោះពុម្ពដោយរដ្ឋបាលឃុំព្រែកក្របៅ ចែកជូនដល់កម្មករឡឥដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ហាន កុសល ក៏បានផ្តល់ជូនទឹកក្រូចដបធំចំនួន ៣យួរ បន្ថែមទៀតដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងម៉ាស់ ចំនួន ៦០០ ជូនទៅរដ្ឋបាលឃុំព្រែកក្របៅ ដើម្បីប្រើប្រាស់ក្នុងគោលបំណងប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាមួយនឹងការប្រកាសបើកអាជីវកម្មឡឥដ្ឋឡើងវិញនេះ ឯកឧត្តម ហាន កុសល បានជម្រាបជូនទៅម្ចាស់អាជីវកម្ម និងកម្មករយ៉ាងខ្លីថា ១) ឆ្លងកាត់បទពិសោធន៍នៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជិត១ខែ បងប្អូនយល់បានច្បាស់ហើយថាតើខ្លួនត្រូវធ្វើអ្វី និងធ្វើ ដូចម្តេច ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងម្តងទៀត ព្រោះបើវាកើត ខ្លួននឹងក្លាយជាមនុស្សរងគ្រោះមុនគេ ២) ប្រសិនបើមានបងប្អូន កូនក្មួយ មកពី ខេត្ត នានា ពិសេសខេត្តដែលមានហានីភ័យខ្ពស់ ត្រូវណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមដើម្បីជួយគ្រប់គ្រងបន្ថែម ៣) ចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នា និង៤) អនុវត្តឲ្យបានល្អជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើតែមួយម៉ាត់ជូនដល់បងប្អូនកម្មករថា “រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ស្រុក ឃុំ នៅជាមួយបងប្អូនគ្រប់ពេលវេលា” ។

សូមបញ្ជាក់ ថា នៅថ្ងៃទី ៤ ខែមេសា កន្លងទៅ ក្រុមគ្រូពេទ្យខេត្តបានអនុញ្ញាតឲ្យអ្នកជំងឺ២នាក់ ចេញពីមន្ទីរពេទ្យ ដោយសារពួកគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ នៅសល់អ្នកជំងឺចំនួន ៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលបន្ត ។