ដោយមួយរយៈចុងក្រោយនេះមានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន ក្រើនរំលឹកដល់ និងស្នើសុំដល់អជ្ញាធារពាក់ព័ន្ធត្រៀមបង្ការ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជា ពលរដ្ឋយើងមានការប្រុងប្រយ័ត្នទៅលើភ្លើងចង្ក្រាន ទាន ធូប ជាពិសេសទៅលើប្រព័ន្ធ បណ្តាញអគ្គីសនី។ ហើយមូលហេតុបញ្ហាអគ្គីភ័យខ្លះក៏បង្ករឡើងដោយសារផ្ទះប្រជាពលរដ្ឋ ខ្លះបានប្រើប្រាស់ខ្សែភ្លើងយូរហើយដោយមិនបានឆែក និងត្រួតពិនិត្យ ដោយនៅតែប្រើប្រាស់ របស់ចាស់ ពោលគឺខ្សែភ្លើងទាំងនោះប្រើយូរទៅវាផុតកំណត់មានសភាព ចាស់ ពុក ផុយ ពេលត្រូវខ្យល់ ភ្លៀង ត្រូកំដៅថ្ងៃជាដើម។ ការបញ្ជាក់ខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានដឹក នាំកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម។ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមពី សំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ វិស័យពាក់ព័ន្ធចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនទៀត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តគឺអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ ដូចជាបទល្មើសព្រហ្មទណ្ឌ បទល្មើស គ្រឿងញៀន ការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង ករណីគ្រោះថ្នាក់ចរាចរ ការរំលោភជាដើម និងធានា បាននូវសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។
សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
នេះដែរក៏បានលើកយករបៀបវារៈសំខាន់ចំនួន៥រួមមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិ ទី៤ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២ ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញ លើកទី០២ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តី ព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ ធ្នូ ២០២៤ និងលើកទិសដៅប្រចាំខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការ សកម្មភាពរយៈពេលបីខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម និងទី៥-បញ្ហាផ្សេងៗ៕