អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ក្រើនរំលឹក​ដល់​មន្ដ្រី​ប្រចាំការ ត្រូវ​រក្សា​បរិស្ថាន​ស្អាត និង​អនាម័យ​ជាប្រចាំ

នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ រួមជាមួយ​ក្រុមការងា​រ បាន​ចុះ​ពិនិត្យ​អំពី​សុខ និង​ទុក្ខ របស់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​របស់​រដ្ឋបាលខេត្ត​កំពង់ចាម ។

​ស្របតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អមដោយ អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ របស់​រដ្ឋបាលខេត្ត នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដើម្បី​សាកសួរ​សុខទុក្ខ ក៏ដូចជា​ការពិនិត្យ​មើល​អំពី​ការ​ស្នាក់នៅ ការហូបចុក​របស់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​ជាមួយគ្នា​នោះ លោក អ៊ុន ចាន់​ដា ក៏បាន​ស្នើ​ដល់​ពលករ​ចំណូលស្រុក ក៏ដូចជា​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០-​កុម្ភៈ ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បី​បង្កើន​លទ្ធភាព​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ បាន​នឹង​កំពុង​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ដ្រី​ប្រចាំការ ត្រូវ​រក្សា​បរិស្ថាន​ស្អាត និង​មាន​អនាម័យ​ល្អជា​ប្រចាំ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​តាមដាន​ឲ្យ​បាន​ហ្មត់ចត់​អំពី​តម្រូវការ​ចាំបាច់​របស់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​ប្រសិនបើ ក្នុងករណី​មិនអាច​ដោះស្រាយបាន ក្រុម​ប្រចាំការ​ត្រូវ​រាយការណ៍ និង​សុំ​យោបល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត ឲ្យ​បាន​លឿន​បំផុត​ផងដែរ​។​

​សូមបញ្ជាក់ថា គិត​មកដល់​ព្រឹក​ថ្ងៃទី​១៧ មេសា​នេះ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ កំពង់ចាម មាន​ប្រមាណ ២៦០​នាក់​។​