អភិបាលខេត្ត​កំពង់ចាម ចេញ​បញ្ជា​ដាច់ខាត មិន​ឲ្យ​មានការ​ចេញចូល​ឬ​លក់ដូរ គ្រប់​ភូមិ​-​ឃុំ បិទ​ខ្ទប់​ទាំងអស់​ក្នុង​ខេត្ត

នួន សត្យា

អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​២០២១ នេះ ខណៈពេល​ចុះ​ពិនិត្យ តំបន់​មួយចំនួន ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​ចំការលើ បានចេញ​បទបញ្ជា​ដាច់ខាត មិន​អនុញ្ញាត​ឲ្យ​មាន​ការចេញ​-​ចូល នៅក្នុង​ភូមិ​-​ឃុំ បិទ​ខ្ទប់​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​មួយ ទៅ​សហគមន៍​មួយទៀត ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ពាក្យ​ថា​បិទ​ខ្ទប់​បានន័យថា «​ហាម​មិន​អោយចេញ​-​ចូល ធ្វើ​ចរាចរណ៍​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ជាដាច់ខាត​» រួមទាំង​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ មិន​អនុញ្ញាត​ឱ្យចេញ​-​ចូល ពី​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត​នោះទេ ចំពោះ​ការលក់ដូរ​មិន​អនុញ្ញាត​ឲ្យ​លក់​ទេ ដោយហេតុថា ប្រសិនបើ​មាន​អ្នកលក់ដូរ​ប្រាកដ​ជាមាន​អ្នក​ចូលមក​ទិញ​ពាក់ព័ន្ធ​គ្នា ។

​ កឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការហាមឃាត់​លក់ដូរ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្តតាម​វិធានការ​២​យ៉ាង ៖
​ទី​១ ៖ ត្រូវ​ឲ្យ​មានការ​លក់ដូរ នៅនឹងកន្លែង ព្រំប្រទល់​បិទ​ខ្ទប់​តែម្ដង​ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នកលក់ដូរ​មិន​លើសពី ០៥ នាក់ និង​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ទំនិញ អនុញ្ញាតឱ្យ​ផ្ទះមួយ​សមាជិកគ្រួសារ​ម្នាក់ មក​ទិញ​ក្នុង​មួយ​សប្តាហ៍ អាច​ចេញមក​ទិញ​ទំនិញ​បាន ៣​ដង​។ ក្នុងនោះដែរ​ចំពោះ​អ្នកលក់​អាជ្ញាធរ​ដែនដី​ត្រូវតែកំណត់​ឲ្យ​ពួកគាត់ អនុវត្ត​វិធានការ​អនាម័យ​ជាប្រចាំ ដោយ​ត្រូវ​ឲ្យ​ពាក់​ម៉ាស ស្រោមដៃ វាស់​កំដៅ និង​បាញ់​អាល់កុល នឹង​រក្សា​គម្លាត ។ ចៀសវាង​ទទួល​ការចម្លង តាម​រូបភាព​ផ្សេងៗ ដូចជា​តាមរយៈ​ក្រដាសប្រាក់ ក៏​អាច​ចម្លងជំងឺ​នេះ​បានដែរ ដូច្នេះ​អ្នកលក់ដូរ​ត្រូវ​ប្រើ​ស្រោមដៃ និង​ប្រើ​អាល់កុល បាញ់​សំអាត ក្រោយពេល​ប៉ះពាល់​ក្រដាសប្រាក់ ។

​ទី​២ ៖ គឺ​អាជ្ញាធរ​ត្រូវ​រៀបចំ​ឲ្យ​មានការ​លក់ដូរ​ចល័ត ដឹក​ជោ​យ​ម៉ូតូ​រ៉ឺម៉ក ឬ​តាម​passapp នឹងត្រូវ​ឲ្យ​ពួកគាត់​អនុវត្ត​អនាម័យ មាន​ពាក់​ម៉ាស ពាក់​ស្រោមដៃ និង​ប្រើ​អាល់កុល​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​លក់​នៅតាម​ផ្លូវ​ក្រៅរបង​ផ្ទះ និង​ប្រើ​ឧបករណ៍​បំពង​សម្លេង ។

​ដោយឡែក​ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​បំពេញភារកិច្ច​តាម​គោលដៅ​ត្រូវ ពាក់​កាត​ជាប្រចាំ ដើម្បី​សម្គាល់​ឲ្យ​ដឹងថា ជា​មន្ត្រី​បំពេញភារកិច្ច​នៅ​ទីនោះ លើកលែងតែ កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​គឺមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​ហើយ ។​