អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ម្ម​ការិនី​ជាង​២០០​នាក់ ក្នុង​រោងចក្រ លី ឈាង​ខ​ប ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នឹង​បន្ត​ពិនិត្យ​ភូមិសាស្ត្រ​ដាក់​ភ្លើងស្តុប នៅ​ព្រំប្រទល់​ខេត្តកំពង់ចាម​-​ខេត្តកំពង់ធំ​

នួន សត្យា

នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់ពី​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីត​-១៩ ទៅលើ​កម្មការិនី ចំនួន ៧​នាក់ នៅ​រោងចក្រ លី ឈាង​ខ​ប ស្ថិតនៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ លោក អ៊ុន ចាន់​ដា បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​បន្ទាន់ ដើម្បី​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩ ។

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា មាន​កម្មករ​-​កម្មការិនី ប្រមាណ​ជា ជាង ២០០​នាក់ ត្រូវបាន​រកឃើញថា បាន​ប៉ះពាល់​ដោយផ្ទាល់ ជាមួយនឹង​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧​នាក់ ដែលជា​កម្មករ​-​កម្ម​ការ​នី ធ្វើការ​នៅក្នុង​រោងចក្រ លី ឈាង​ខ​ប ។ ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់នោះ​ត្រូវបាន​នាំមក​ធ្វើតេស្ត ពិនិត្យ​សំណាង​ដើម្បី​រក​មេរោគ ជំងឺ​កូ​វីដ​-១៩ និង​បាន​នាំ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្រុក​បាធាយ​តែម្ដង ។ ចំណែក​រោងចក្រ​លី ឈាង​ខ​ប ត្រូវបាន​សម្រេច​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​។

​ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ចំពោះ​ភូមិ​អក​ទៀង ស្ថិតនៅក្នុង​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ មាន​កម្មករ​-​កម្មការិនី ចំនួន ៦​នាក់ ដែល​វិជ្ជមាន​កូ​វីដ​-១៩ ពួកគាត់​មាន​លំនៅដ្ឋាន​នៅ​ភូមិ​នោះ ហេតុដូច្នេះ អាជ្ញាធរខេត្ត​ត្រូវ​សម្រេច​បិទ​ខ្ទប់​ភូមិ​នោះ​ផងដែរ ។
ឯកឧត្តម ​អភិបាលខេត្ត ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា លើផ្លូវ​ជាតិ​លេខ ៦ A នៅ​ចំណុច​ផ្លូវបំបែក​ស្គន់ ក្នុងស្រុក​ជើងព្រៃ ស្ពោះ​ទៅ​ខេត្តកំពង់ធំ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់​ជូន​ដាក់​ភ្លើង​សញ្ញា​ចរាចរណ៍ នៅ​ចំណុច​នោះ​ដើម្បី​កាត់បន្ថយ ការគ្រោះថ្នាក់​ចរាចរណ៍​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ខេត្តកំពង់ចាម ។

​ ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា​ភ្លើង​សញ្ញា​សារាចរ​នោះ នឹង​រៀបចំ​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​