អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​នឹងដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​បន្ទាប់ពីរ​បាន​បិទ​ភូមិ​អូរ​រុន ក្រោយពេល​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩

នួន សត្យា

(​កំពង់ចាម​)៖​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ដែល​បានប្រកាស​បិទ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នឹងដាក់​វិធានការ​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ។

​បន្ទាប់ពី​បាន​ស្ដាប់​មតិ យោបល់​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ឯកឧត្តម អ៊ុន ចាន់​ដា​បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដោយ​ដោយ​ឲ្យ​អភិបាលស្រុក​ស្ទឹងត្រង់ កសាង​នូវ​ផែនការ​ការពារ សម្រាប់​ភូមិ​អូរ​រុន ដែល​ត្រូវ​រំលេច​ឱ្យបាន​ច្បាស់ អំពី​ភូមិសាស្ត្រ​ភូមិ​មួយ​នេះ មាន​ជាប់​ព្រំប្រទល់​ជាមួយនឹង​ភូមិ​ណាខ្លះ នឹង​ឈានដល់​ការប្រើប្រាស់​កងកម្លាំង ដើម្បី​គ្រប់គ្រង​ទីតាំង​ឈរជើង​។​ជាមួយគ្នានេះ​ត្រូវ​បញ្ចូល​ទាំង​ផែនការ​ផ្សព្វផ្សាយ ពោលគឺ ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ជាប្រចាំ តាម​ខ្នង​ផ្ទះ​នីមួយៗ​តែម្ដង និង​ចាត់តាំង​ក្រុមយុវជន អោយ​ចែក​ម៉ាស នឹង​សាប៊ូ​លាងដៃ ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ផងដែរ ដើម្បី​រំលឹក​ដល់​ស្មារតី​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​ចេះ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូលទៅក្នុង​គ្រួសារ​របស់​ពួកគាត់ ។

​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​បន្តថា សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវអនុវត្ត តាម​ទីវ​ត្ត​អារាម​ត្រូវ​ទូងស្គរ បន្លឺ​ជា​សម្លេង ទៅតាម​ពេលវេលា​ដែល​បានកំណត់ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក​ចេះ​ការពារ​ខ្លួន រហូតដល់​មានការ​ណែនាំ​ថ្មី ឬ​ភូមិ​មួយ​នេះ​ត្រូវ​បើក​ឡើងវិញ ។

​ជាមួយគ្នានេះដែរ ចំពោះ​អ្នកធ្វើដំណើរ​ចេញ​ក្រៅ​ភូមិ ត្រូវ​កំណត់​អទិភាព​ឲ្យ​បានច្បាស់លាស់ ដោយ​ពិនិត្យមើល​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ មិន​អនុញ្ញាត​ឲ្យ​ចេញពី​ភូមិ​ទេ​។ ចំពោះ​អ្នកមាន​ហានិភ័យ​ទាប ឬ​គ្មាន​ហានិភ័យ បើ​ត្រូវ​អនុញ្ញាត​ឲ្យ​ពួកគាត់​ចេញ​ក្រៅ​ភូមិ ត្រូវ​កំណត់​ពេលវេលា​ឲ្យ​បានច្បាស់លាស់ ដោយ​ទទួលបាន​ការអនុញ្ញាត​ត្រឹមត្រូវ ពី​ប្រធានភូមិ ឬក៏​លោក​មេឃុំ មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចេញចូល​ដោយ​សេរី​នោះទេ​។ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​ប់​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់ពី​ផ្ទះ គ្មាន​មនុស្ស​ថែរក្សា​ទ្រព្យសម្បត្តិ សត្វពាហនៈ​របស់គាត់ អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​រាយការណ៍​បន្ទាន់​មក​អភិបាលស្រុក ដើម្បី​រក​វិធាន​ការដាក់​មនុស្ស​នៅ​ជួយ​ថែរក្សា ធានា​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ។

​ក្នុងនោះដែរ​អាជ្ញាធរ​ឃុំ ត្រូវ​កំណត់​អត្តសញ្ញាណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដោយសារ​ការខ្វះខាត​ចំណីអាហារ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ក្នុងពេល​បិទ​ភូមិ​នេះ​ត្រូវតែ​ជួយ​ដោះស្រាយ​ចំណីអាហារ​ជូន​ពួកគាត់ ជាសវាង​ការហូប​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ពួកគាត់​មាន​ជំងឺ​ផ្សេងៗ​។ ចំណែក​ប្រជាពលរដ្ឋ​ក្រៅ​ភូមិ អេ​ចង់​ប្រារព្ធ​ពិធី​សាសនា ឬ​សែន​ផ្នូរ​នាពេល​ខាងមុខនេះ មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលមក​ពាក់ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​បាន​បិទ​នេះ​ទេ​។​