អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ដាំ​កូន​ក្ងោក​ប្រមាណ ៣០០​ដើម នៅតាម​បណ្តោយ​ផ្លូវ ​នៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​ដឹកនាំ​ដាំ​កូន​ក្ងោក​ប្រមាណ ៣០០​ដើម នៅតាម​បណ្តោយ​ផ្លូវ នៅ​ចំណុច​ភូមិ​ព្រែក​ដើម​ចាន់ និង​ភូមិ​ព្រែកជីក ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។ ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង ប្រជា​ពល​រដ្ឋា ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន​កុះករ ដោយបាន​ប្រមូល​ផ្ដុំគ្នា នៅ​បរិវេណ​សាលាសង្កាត់​សំបួរមាស នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នេះ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា បាន​ចាត់ទុកថា ការដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន គឺជា​ផ្នែក​មួយ នៃ​ការកាត់បន្ថយ នៃ​ការ​បម្រែបម្រួល​អាកាសធាតុ ក៏​ព្រោះតែ​ព្រៃឈើ​មួយចំនួន ត្រូវបាន​រិចរឹល ដោយសារ​ការកាប់បំផ្លាញ របស់​មនុស្ស ។ លើសពីនេះ​ទៀត​នោះ ព្រឹត្តិការណ៍​នេះ ក៏បាន​រួមចំណែក​លើក​កម្ពស់ នូវ​សោ​ភ័​ណ្ឌ​ភាព​ក្រុង តាមរយៈ ការចូលរួម​ពី​គ្រប់​សមាសភាព ទាំង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ជាពិសេស ក្មួយៗ​យុវជន​ជំនាន់​ក្រោយ ឲ្យ​ចេះ​ស្រឡាញ់​ដើមឈើ ពីព្រោះថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង មាន​ដើមឈើ​ច្រើន​ប្រភេទ ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា ត្រូវតែ​ចូលរួម​ថែរក្សា​អភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែល​យើង​បាន​ដាំ​នា​ថ្ងៃនេះ ក៏បាន​ទុកជា​ទី​ម្លប់ សម្រាប់​មនុស្ស​ទូទៅ បាន​ជម្រក​កោន នៅពេល​ធ្វើដំណើរ​តាម​ដងផ្លូវ ផងដែរ ។

ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​បញ្ជាក់ដែរថា ដើម្បី ចូលរួមចំណែក លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព ក្រុង​កំពង់ចាម ឲ្យ​ក្លាយទៅជា​ទីក្រុង​ស្អាត និង​ទទួលបាន​នូវ​ជ័យលាភី ជា​បន្តបន្ទាប់​ទៀត សម្រាប់​រក្សា​នូវ​កិត្តិយស ដល់​ខេត្តកំពង់ចាម អាជ្ញា​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត បានរៀបចំ​នូវ​ផែនការ​អភិវឌ្ឍ និង​ទស្សនវិស័យ​ច្បាស់លាស់ ក្នុង​ការចូល​រួមទាំង​អស់​គ្នា គឺ ៖ ទី​១.​ការរក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដូចជា ការធ្វើដំណើរ អំពើចោរកម្ម និង​បទល្មើស​គ្រឿងញៀន ជាដើម ។ ទី​២.​ការថែរក្សា​អនាម័យ ដែល​បញ្ហា​នេះ ស្នើ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​សម្អាត​ផ្ទះសំបែង និង​ជួយ​សម្អាត តាម​រមណីយដ្ឋាន ឬ​តាមផ្លូវ​សាធារណៈ ឲ្យ​បានល្អ​ប្រសើរ ដើម្បី បរិស្ថាន​ល្អ និង​សុខភាព យើងទាំងអស់គ្នា ។ និង ទី​៣.​ការរៀបចំ​នូវ​សោ​ភ័​ណ្ឌ​ភាព​ក្រុង គឺ​អាជ្ញាធរខេត្ត បាន​នឹង​កំពុង​ខិតខំ រៀបចំ​ប្រព័ន្ធ​លូ នៅតាម​ដងផ្លូវ​នានា ក្នុង​ក្រុង​កំពង់ចាម ដើម្បី រំដោះ​ទឹក​កខ្វក់​ចេញពី​ទីក្រុង ជួយ​សម្រួល ដល់​ការរស់នៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ផាសុខភាព ។ ដូច្នេះ អ្វីៗ​ដែល​សម្រេចបាន​នៅទីនេះ គឹ​អាស្រ័យ ដោយសារ​ការចូលរួម​សាមគ្គី និង​ការ​ឯកភាពគ្នា ដើម្បី បាន​បង្កើត​នូវ​សមិទ្ធផល បំរើ​ផលប្រយោជន៍​ជា​សាធារណៈ និង​បាន​បង្កើតជា​ស្នាដៃ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​ទៀត ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​បន្តទៀត ។

លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម គូសបញ្ជាក់ថា បច្ចុប្បន្ន នៅ​ទូទាំង​ក្រុង មាន​សមិទ្ធផល​ជាច្រើន ត្រូវបាន​បង្កើត​ឡើងលើ​គ្រប់​វិស័យ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​អ​រូបវ័ន្ត ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ចូលរួម​អបអរសាទរ គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​ឆ្លងកាត់ ឬ​ស្នាក់​នៅក្នុង​ក្រុង​កំពង់ចាម ។ ទន្ទឹមនឹងនោះ សមិទ្ធផល​ទាំងអស់នេះ បានរួម​ចំណែក ធ្វើ​ឲ្យ​ទីក្រុង​កំពង់ចាម ទទួលបាន​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្អាត និង​ទទួលបាន​នូវ​ជ័យលាភី​ផ្ការំដួល ៣​ទង និង​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់បញ្ចូល​ក្រុង​កំពង់ចាម ក្នុងចំណោម​ក្រុង​ទាំង ៦ ទូទាំងប្រទេស ដើម្បី ចូលរួម​ប្រលងប្រណាំង​ចលនា​ទីក្រុង​ស្អាត​អាស៊ាន ផងដែរ ៕

សា​រ៉ា​ត