អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក កាកសំណល់​សម័យ​សង្គ្រាម ដែល​កម្លាំង​ជំនាញ​ស្រង់​បាន​ពី​បាតទន្លេ

អត្ថបទ៖ នួន សត្យា

អាជ្ញាធរខេត្ត​កំពង់ចាម​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក និង​កាកសំណល់​សង្គ្រាម​របស់​កម្ពុជា ដែល​កំលាំង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ បាន​បើក​ប្រតិបត្តិការ ស្រង់​បាន​ពី​បាតទន្លេ ដែល​លិច​ជាមួយ​នាវា​ចំណាស់ នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កាលពី​សម័យ​សង្គ្រាម​។​

​គួរ​រំលឹក​ផងដែរ​ថា ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ធ្លាប់បាន​បញ្ជាក់ប្រាប់​អង្គភាព​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​ថា​៖ «​ឥឡូវ​យើង​កំពុងតែ​សម្រុក​កាន់តែខ្លាំង​ឡើង​ហើយ ព្រោះ​អី​ចូលទៅក្នុង​ទីតាំង​នាវា​ហើយ ឥឡូវនេះ​សរុបទៅ​ចូល​ជាង ៥​តោន​ហើយ​…! គ្រាប់​កប់​ក្នុង​នាវា​ម៉ា​រិ​ន​នេះ​ច្រើនណាស់​»​។​

​លោក​មេបញ្ជាការ​អោយដឹង​ទៀតថា គ្រាប់​យុទ្ធភណ្ឌ​ដែល​កម្លាំង​ជំនាញ​ប្រមូលបាន​ជាង ៥​តោន រួមមាន​៖ គ្រាប់​ត្បាល់ ៨១​មី​លី​ម៉ែត្រ​, គ្រាប់​ត្បាល់ ៦០​មី​លី​ម៉ែត្រ និង​គ្រាប់​កាំភ្លើងយន្ត ១២,៧​មី​លី​ម៉ែត្រ ហើយ​សរុប​ជាង ៣០០​កេស​ធំ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា បាន​បន្ថែមថា «​បើតាម​គ្រោងការណ៍​នឹង​បញ្ចប់​នៅ​ខែឧសភា ឱ្យទាន់​មុន​ខែវស្សា ប៉ុន្តែ​ចំណុច​នេះ​គឺជា​ផែនការ​របស់​ក្រុម​ជំនាញ​នោះទេ ដោយឡែក​សម្រាប់​ស្ថានភាព​ជាក់ស្តែង​ក្រុមការងារ​ជំនាញ​ពិបាក​សន្និដ្ឋាន ព្រោះ​ទំហំ​នាវា​មាន​ទំហំ​ធំ ហើយ​យើង​មិនទាន់​ប៉ាន់ប្រមាណ​ទម្ងន់​គ្រាប់​សរុប​នៅក្នុង​នាវា​នោះទេ ។ យើង​នឹង​ចាប់ផ្តើម​សម្រុក​យក​នៅក្នុង​សប្តាហ៍​នេះ គឺ​នៅក្នុង​ក្លូ​ប​ទី​១ សម្រាប់​នាវា​ម៉ា​រី​ន​នេះ មាន​ចំនួន​៤​ក្លូ​ប​»​។​

​មេបញ្ជាការ​រូបនេះ បាន​គូស​បញ្ជាក់ដែរថា សម្រាប់​គ្រាប់​យុទ្ធ​នៅក្នុង​ក្លូ​ប​ទី​១ ខាងលើ​អាចមាន​គ្រាប់​យុទ្ធភណ្ឌ​ចាប់ពី ១០​តោន ទៅ ២០​តោន​ឯណោះ ដូច្នេះ​គ្រាប់​យុទ្ធភណ្ឌ​ទាំងនេះ គឺមាន​ចំនួន​ច្រើនណាស់​។ ប៉ុន្តែ បើទោះបីជា​ចំនួន​គ្រាប់​ច្រើនយ៉ាង​ណាក៏ដោយ កម្លាំង​ជំនាញ នឹង​ខិតខំ​ប្រឹង​សម្រេច​កិច្ចការងារ​នេះ ឱ្យ​រួចរាល់​តាម​គោលការណ៍ ដូច្នេះ​ដើម្បី​ជំរុញ​កិច្ចប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ស្មុ​គ្រ​ស្មាញ និង​ប្រឈមមុខ​ចំពោះ​ការគ្រោះថ្នាក់​នេះ កិច្ចការ​ប្រតិបត្តិ​រុករក និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក​នេះ ត្រូវបាន​បែងចែក​យ៉ាង​យកចិត្តទុកដាក់​បំផុត ទៅតាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ ។​