អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​គោលដៅ អនុវត្ត​សេចក្ដីសម្រេច​ ​លេខ ៤៤ សសរ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតាម​គោលដៅ​នីមួយៗ​

ចិន សារ៉ាត

បន្ទាប់ពី​ការណែនាំ ដ៏​ខ្ពស់​ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីសម្រេច លេខ ៤៤​សសរ របស់​រាជរដ្ឋាភិបាល ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស ជា​បណ្តោះ​អារ​សន្ន ដើម្បី ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នៅ​គោលដៅ​ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​បាធាយ ។​

​គួរ​បញ្ជាក់ថា ផ្អែក​តាម​ផែន​ការរួម របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ចាម គឺ​បានកំណត់​គោលដៅ​ត្រួតពិនិត្យ ចំនួន ២៣​គោលដៅ នៅក្នុង​ក្រុង ស្រុក​ចំនួន ៨ ពោលគឺ ជា​គោលដៅ​ស្ថិតនៅ​ក្នុងស្រុក​-​ក្រុង ដែលមាន​ព្រំប្រទល់ ជាប់​ខេត្ត​ផ្សេងៗ ក្នុងនោះ​មាន ៖ ស្រុក​បាធាយ មាន​ចំនួន ២​គោលដៅ ស្រុក​ជើងព្រៃ មាន​ចំនួន ១​គោលដៅ ស្រុក​ស្រី​សន្ធរ មាន​ចំនួន ៥​គោលដៅ ស្រុក​កងមាស មាន​ចំនួន ០២​គោលដៅ ក្រុង​កំពង់ចាម មាន​ចំនួន ១​គោលដៅ ស្រុក​កោះសូទិន មាន​ចំនួន ២​គោលដៅ ស្រុក​ចំការលើ មាន​ចំនួន ០៤​គោលដៅ និង​ស្រុក​ស្ទឹងត្រង់ មាន​ចំនួន ០៥​គោលដៅ ។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា អនុវត្តតាម​សេចក្តី​រាជរដ្ឋាភិបាល លេខ ៤៤​សសរ ចុះ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​ជា​បណ្តោះ​អារ​សន្ន ដើម្បី ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក បានរៀបចំ​ផែនការ និង​អនុវត្តតាម​សេចក្តីណែនាំ ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ នៅតាម​គោលដៅ​ព្រំប្រទល់​ខេត្ត​នឹង​ខេត្ត ក្នុង​គោលបំណង​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជម្ងឺ​កូ​វីដ ១៩ ពិសេស ការ​កាត់ផ្តាច់​ខ្សែចម្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ តាមរយៈ ការ​ការ​ចរាចរណ៍​ពី​តំបន់​មួយ ទៅកាន់​តំបន់​មួយទៀត ពិសេស ពី​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ មកកាន់​មូលដ្ឋាន​របស់​យើង​ឡើយ ។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក នីមួយៗ ជាពិសេស ការពង្រឹង​នៅ​គ្រប់​គោលដៅ​ទាំងអស់ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចេញ ចូល ពោលគឺ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ទៅតាម​ការណែនាំ នៃ​សេចក្ដីសម្រេច របស់​រាជរដ្ឋាភិបាល ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​
​នាឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​នាំយក​អំណោយ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ផ្ដល់ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក នីមួយៗ ដែល​កំពុង​ឈរជើង​នៅក្នុង​គោលដៅ​ទាំង ២៣​កន្លែង ដោយ​ក្នុងនោះ ១​គោលដៅ ទទួលបាន ៖ ម៉ាស ចំនួន ១.០០០​ម៉ាស ជេ​លលា​ង ១០​ដប មី​ជាតិ ០៥​កេស ទឹក​សុទ្ធ ០៥​កេស អង្ករ ១០០​គ​.​ក្រ ប្រដាប់​វាស់​កំដៅ ០៦​គ្រឿង និង​ថវិកា ចំនួន ១​លាន​រៀល ផងដែរ ។​

សូមបញ្ជាក់ថា ក្នុង​បេសកកម្ម នៃ​ការចុះ​ត្រួតពិនិត្យ លើ​ការអនុវត្ត​សេចក្ដីសម្រេច របស់​រាជរដ្ឋាភិបាល​នេះដែរ ឯកឧត្ដម អ៊ុន ចាន់​ដា ក៏បាន​ចាត់​ឲ្យ​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី ចុះ​ត្រួតពិនិត្យ​គោលដៅ​ផ្សេងៗ​ទៀត និង​ផ្ដល់​អំណោយ​ទាំងនេះ ទៅដល់​គណៈបញ្ជាការ​ឯកភាព នៃ​បណ្ដា​ស្រុក​ផ្សេងៗ ដូចៗ​គ្នា ផងដែរ ៕