អភិបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង ជូន​អតីតយុទ្ធជន

នួន សត្យា

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​សាខាសមាគម​អតីតយុទ្ធជន​កម្ពុជា រួមជាមួយ​ក្រុមការងា​រ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​អតីតយុទ្ធជន​កម្ពុជា នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ។

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា
​បាន​សំដែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រឹងប្រែង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​អតីតយុទ្ធជន ក្នុង​ខេត្តកំពង់ចាម​។​

​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​បន្តថា « ពលរដ្ឋ​និង​អតីតយុទ្ធជន​យើង មានសំណាង​ណាស់ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា ជា​មេដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ហើយ​សម្តេច​តេ​ជោ លោក​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង មកចាក់​ជូន​ពួកយើង​គ្រប់ៗ​គ្នា » ។

​ ឯកឧត្តម អភិបាលខេត្ត​បន្តថា មាន​វ៉ាក់សាំង គឺ​យើង​មាន​កងការពារ​មួយ​យ៉ាងរឹងមាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ទោះបីជា​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចហើយ​ក្តី ក៏​ត្រូវតែ​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​។​