អភិបាលខេត្ត​កំពង់ចាម នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​បន្ទាន់​ប្រជាពលរដ្ឋ ៣៨​គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា រួម​នឹង​ក្រុមការងារ នា​ព្រឹក​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១​នេះ បាន​ជួប​សំណេះសំណាល និង​នាំ​អំណោយ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៣៨ គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ មកពី​ឃុំ​ចំនួន​៣ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

ស្ថិតក្នុង​ឱកាស​នោះ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ចូលរួម​សម្តែង​ការសោកស្តាយ​ជាមួយ​គ្រួសារ​រងគ្រោះ ចំពោះ​គ្រោះធម្មជាតិ ដែល​កើតឡើង​ដោយ​ស្មាន​មិន​ដល់​នេះ ក្នុងស្ថានភាព ដែល​ជីវភាព​បងប្អូន​កំពុងតែ​រង​លំបាក​ដោយ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ ។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​មិន​ប្រកាន់វណ្ណៈ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​លោក តែង​បាន​ចាត់​តំណាង ចុះ​អន្តរាគមន៍ ផ្តល់ជំនួយ​សង្គ្រោះ ជួយ​សម្រាល​ទុក្ខលំបាក ទាន់ពេលវេលា តាម​ទិស​ស្លោក “ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ” ។​

​ទន្ទឹមនឹង​នោះដែរ ខណៈពេល​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​ក្នុង​ខេត្តកំពង់ចាម លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​បង្កើន​ការ ការពារ​ខ្លួន ជៀសអោយផុត​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន នូវ​វិធាន​សុខាភិបាល ” ៣​ការពារ និង ៣​កុំ ” ពិសេស ការលាង​សម្អាត​ដៃ​ជាប្រចាំ​, ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ , កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង របស់​ក្រសួងសុខាភិបាល ។​

​សូមបញ្ជាក់ថា អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន​ជនរងគ្រោះ​ទាំង​៣៨​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន អង្ករ ២៥​គ​ក្រ មី​០១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ តង់​០១​ផ្ទាំង ឃី​ត​១ ( មុង​១ ភួយ​១ សារុង​១ ក្រមា​១ ) អាវយឺត ២ និង​ថវិការ ក្នុង ០១​គ្រួសារ ទទួលបាន​តាម​កំរិត ក្នុងនោះ កំរិតធ្ងន់​ចំនួន ០៦​គ្រួសារ ទទួលបាន ៣០​ម៉ឺន​រៀល កំរិត​មធ្យម​ចំនួន ៣២​គ្រួសារ ទទួល​២០​ម៉ឺន​រៀល ។​