អភិបាលខេត្ត​កំពង់ចាម បញ្ហា​ឲ្យ​បិទ​ទីតាំង​ចំនួន​៤ កន្លែង បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៥ នាក់​

ជួន រត​នាវង្ស

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តីពី​ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ ដែល​កិច្ចប្រជុំ​ខាងលើ ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ចាម ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​-១៩ ខេត្តកំពង់ចាម រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​នៅក្នុង​ឳ​កាស​នោះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ថ្លែងថា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ផ្ទុះឡើង​ចំនួន​៥ ករណី នាពេល​ថ្មីៗ​នេះ អាជ្ញាធរខេត្ត សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ទីតាំង​ចំនួន​៤ កន្លែង ដែលមាន​ការពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន កូ​វីដ​-១៩ ក្នុង​ខេត្តកំពង់ចាម​រួមមាន​÷

១- គ្លីនិក ម៉ី មុនី​បូ​រិន្ទ​
២- គ្លីនិក យិន ស៊ី​ណាត​
៣- តូប​ចំនួន​៦ ក្នុង​ផ្សារ​ធំ ក្រុង​កំពង់ចាម​
៤- មណ្ឌល​សុខភាព ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​

​បើតាម​លោក​វេជ្ជបណ្ឌិត គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​÷ អ្នក​ដែលមាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩​ទាំង​៥ នាក់​រួមមាន​÷

១- ឈ្មោះ ជួប សារ៉េត ភេទ​ស្រី អាយុ ៤៥ ឆ្នាំ នៅ​ភូមិ សង្កេត ឃុំ សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ចូល​ច​ត្តា​ឡី​ស័ក ថ្ងៃទី ២៥ (​ឆ្លង​ពី​កូន​នៅ​ភ្នំពេញ​)​។​
២- វណ្ណា ហ្សា​រី​ន (​កូន​របស់ វ៉ាន់​ណា ក្រូ​) ភេទ​ស្រី អាយុ ១៨​ខែ​។​
៣- វណ្ណា ឡូ​ស៉ិ​ច (​កូន​របស់​វ៉ាន់​ណា ក្រូ​) ភេទ​ប្រុស អាយុ ៨​ឆ្នាំ​។​
៤-​ឈ្មោះ លាង សុធា​រី (​ប្រពន្ធ វ៉ាន់​ណា ក្រូ​) ភេទ​ស្រី អាយុ ២៧​ឆ្នាំ នៅ​ភូមិ​អូ​ឬ​ស្សី ឃុំ​អូ​ឬ​ស្សី ក្រសួង ក្រចេះ​។​
៥- ឈ្មោះ លាង ញ៉ (​ឪពុកក្មេក វ៉ាន់​ណា ក្រូ​) ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ នៅ​ភូមិ​ទីមួយ ឃុំ​វាលវង់ ក្រុង​កំពង់ចាម​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៥​ខាងលើ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ចាត់​បញ្ជូន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​សូមបញ្ជាក់​ជូន​ថា លោក វ៉ាន់​ណា ក្រូ ជា​មន្ត្រី​នរគ​បាល​នៅ​ខេត្ត​ត្បូងឃ្មុំ បានមក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ហើយ​បាន​បន្ត​ចម្លងជំងឺ​នេះ​ដល់​ឪពុកក្មេក ប្រពន្ធ និង​កូន​ពីរ​នាក់​បន្ថែមទៀត​។​

ក្នុងនាម​រដ្ឋបាលខេត្ត និង​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា បានស្នើ​ដល់ អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​យកចិត្តទុកដាក់​ខ្ពស់​អំពី​វិធានការ​នៃ​ការអនុវត្ត​ច្បាប់ និង​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​គ្រប់​បណ្តា​មូលដ្ឋាន និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ដែលមាន​វិជ្ជមាន​ខាងលើ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​យក​សំណាក​របស់​ពួកគេ ដើម្បី​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​។

ឯកឧត្តម​អភិបាល​បន្តថា សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង រួមគ្នា​អនុវត្ត​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​ការពារ និង ៣​កុំ រួម​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ សំដៅ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នេះ​៕