អភិបាលរងខេត្តកំពង់ចាម ណែនាំគណបក្សនយោបាយ អង្គការ សមាគម ទាំងអស់ចូលរួមផ្សព្វផ្សាយ ដល់បងប្អូន ភ្នាក់ងាររបស់ខ្លួនឲ្យមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ តាមប្រតិទិន ដែល គ.ជ.ប បានកំណត់

ក្នុងកិច្ចប្រជុំ ស្ដីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានណែនាំគណបក្សនយោបាយ អង្គការ សមាគម ទាំងអស់ចូលរួមផ្សព្វផ្សាយ ដល់បងប្អូន ភ្នាក់ងាររបស់ខ្លួនឲ្យមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ តាមប្រតិទិន ដែល គ.ជ.ប បានកំណត់។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មាធិការ រៀបចំការបោះឆ្នោត ខេត្តកំពង់ចាម តំណាងគណៈអភិបាលក្រុង ស្រុក តំណាងអង្គការ ក្រៅរដ្ឋាភិបាល តំណាងគណបក្សនយោបាយ អង្គការ សមាគមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។


 
ជាមួយនោះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត បានណែនាំ ឲ្យតំណាងអភិបាលក្រុង/ស្រុកទាំង១០ ដែលអញ្ជើញមកចូលរួមនាថ្ងៃនេះ ជួយជម្រុញឱ្យមេឃុំ ចៅសង្កាត់ ជួយប្រជុំ ជាមួយមេភូមិ ដើម្បី អញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០១៦ ដែលមិនធ្លាប់បាន ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ឱ្យមកធ្វើការផ្លាស់ប្ដូររូបថត និងស្នាមម្រាមដៃ ព្រោះបើគិតមកដល់ បច្ចុប្បន្នគឺមានអាយុកាល ១០ ឆ្នាំហើយ បើតាមកត្តាធម្មជាតិ ភិនភាគរបស់អ្នកបោះឆ្នោតម្នាក់ៗ  តែងតែមាន ការប្រែប្រួលដូចជាមុខមាត់ចាស់ជាងមុន និងសំណឹកស្នាមម្រាមដៃជាដើម ដែលនាំឱ្យខុសពី ទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត។ ការចូលរួមរបស់ប្រជាពលរដ្ឋនាំឱ្យ គុណភាពបញ្ជីបោះឆ្នោត កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលជាផ្នែកសំខាន់មួយ ក្នុងកសាងទំនុកចិត្ត មកលើ ការបោះឆ្នោត និងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលរងខេត្ត បន្តថា ចំពោះ កងកំលាំងត្រូវចូលរួម សហការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ គ្រប់ដំណើរការ របស់ លេខាធិកាដ្ឋានរៀបចំការបោះឆ្នោត ទាំងការដឹកជញ្ចូន ទាំងការការពារ ក.ច.ប ក៏ដូចជា ការិយាល័យចុះឈ្មោះបោះឆ្នោត ផងដែរ ៕