អភិបាលរង​ខេត្តកំពង់ចាម ណែនាំ មន្ត្រី​មូលដ្ឋាន​ឲ្យ​បន្ត​គ្រប់គ្រង អ្នកពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​បាធាយ ដែល​ទើបនឹង​រកឃើញ​ថ្មីៗ​នេះ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលរង​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​អ្នកពាក់ព័ន្ធ ស្តីពី​ការអនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត នៃ​ការផ្អាក​សកម្មភាព ផលិតកម្ម​របស់​ក្រុមហ៊ុន លី ឈាង​ខ​ប និង​ការបិទ​ខ្ទប់​ភូមិ​អក​ទៀត ស្ថិតនៅ​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ដែលមាន​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​។

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ បាន​មានប្រសាសន៍ ណែនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​បន្ត​គ្រប់គ្រង​អ្នក​ប៉ះពាល់ នឹង​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ទើបនឹង​រកឃើញ ដោយ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បន្តថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ពង្រឹង និង​គ្រប់គ្រង​ភូមិសាស្ត្រ​ដែល​រដ្ឋបាលខេត្ត បានសម្រេច​បិទ​ខ្ទប់ សំដៅ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការចេញ​-​ចូល សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ដើម្បី​ទប់ស្កាត់​ការចម្លង​ទៅកាន់​សហគមន៍​ផ្សេងទៀត​។​

​បន្ទាប់ពី​ការប្រជុំ​នោះ ឯកឧត្តម​អភិបាលរង​ខេត្ត រួម​នឹង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​បិទ​នៅ​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ លី ឈាង​ខ​ប ដោយ​មូលហេតុ មាន​កម្មករ កម្ម​ការី​នី វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧​នាក់ ត្រូវបាន​រកឃើញ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ផ្តល់ជូន​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក ប្រចាំការ​នៅ​គោលដៅ​បិទ​ខ្ទប់​ក្នុងភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ និង​គោលដៅ​រោងចក្រ លី ឈាង​ខ​ប នៅ​ភូមិ​បាធាយ ស្រុក​បាធាយ ដោយ​ក្នុងនោះ គោលដៅ​បិទ​ភូមិ​អក​ទៀង ទទួលបាន អង្ករ ១០០​គីឡូ មី​០៥​កេស ទឹក​៥​កេស អាល់កុល​៣០​លីត្រ ម៉ាស​៥០០ និង​ថវិកា​១​លាន​រៀល​។​

​ចំណែក​គោលដៅ​រោងចក្រ លី ឈាង​ខ​ប ទទួលបាន អង្ករ​៥០​គីឡូ មី​៣​កេស ទឹកបរិសុទ្ធ ០៣​កេស អាល់កុល​១០​លីត្រ និង​ថវិកា​៥០០.០០០​រៀល​ផងដែរ ៕​