អភិបាលស្រុក​ចំការលើ នាំ​អំណោយ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូន​គ្រួសារ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត

នួន សត្យា

​លោក ខ្លូត ចិន្តា អភិបាល​នៃ​គណ​:​អភិបាល ស្រុក​ចំការលើ​បាន​ឲ្យ​ដឹងថា លោក និង​លោក​អធិការ មេបញ្ជាការ​សឹក​រង​ស្រុក មេបញ្ជាការ​កងរាជអាវុធហត្ថ មេឃុំ​ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ ពាក់ព័ន្ធ បាន​ចុះសួរសុខទុក្ខ និង​ផ្តល់នូវ​អំណោយ​មនុស្សធម៌​មក​ជូន​បងប្អូន ប្រជា​ការពារ​ភូមិ ដែលមាន​ជីវភាព​ជួប​ការលំបាក​ចំនួន ១០​គ្រួសារ និង​បន្ត​ជួប​បងប្អូន មន្ត្រី​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ភូមិ​ទាំង​១១​ភូមិ ក្នុង​ឃុំ​តា​ប្រុក ។​

​លោក​អភិបាលស្រុក​ឲ្យ​ដឹង​ទៀតថា អំណោយ​ដែល​ផ្ដល់ជូន​ប្រជា​ការពារ​ភូមិ​ចំនួន ១០​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អស់​ថវិកា​ចំនួន​៤៥០,០០០​រៀល​។ ទន្ទឹមនឹង​នោះដែរ ក្រុមការងារ​បាន​បន្ត​ជួប​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ​ទាំង ១១​ភូមិ ចំនួន ២៧​នាក់ ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០,០០០​រៀល និង​ក្រមា ម្នាក់​០១ អស់​ថវិកា​ចំនួន​៣៧៨,០០០​រៀល ។​

​បន្ទាប់មកទៀត​ក្រុមការងារ បាន​បន្ត​ចុះសួរសុខទុក្ខ លោក ទេព ភួង សមាជិក​ក្រុមប្រឹក្សាឃុំ​ការ​អណ្តូង ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ក្នុងនោះ បាន​ផ្តល់ជូន​នូវ​ថវិកា​ដល់​គាត់​ចំនួន​១០០,០០០​រៀល និង​ទឹក​ផ្លែឈើ​០១​កេស សម្រាប​ជួយ​សម្រាក​ក្នុងការ​ព្យាបាល​ផងដែរ​។​

​លោក​អភិបាលស្រុក បាន​បញ្ជាក់ថា អំណោយ​ខាងលើ​នោះ សរុប​ថវិកា​អស់​ចំនួន ៩២៨,០០០​រៀល ជា​ថវិកា​របស់​ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក និង​លោកជំទាវ​ចំនួន​៦០០,០០០​រៀល និង​ថវិកា​របស់ លោក និង​ភរិយា​ចំនួន​៣២៨,០០០​រៀល ។​