អភិបាល ខេត្តកំពង់ចាម ស្នើ​ឲ្យ​បេក្ខជន​ទាំងអស់ ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព និង​ជូនពរ ប្រលង​ជាប់​ទាំងអស់គ្នា​

​ក្នុងឱកាស​បើក​វិញ្ញាសារ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម ស្នើ​ឲ្យ​បេក្ខជន​ទាំងអស់ ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព និង​ជូនពរ ប្រលង​ជាប់​គ្រប់ៗ​គ្នា ។​

​នាឱកាស​នោះ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​ថ្ងៃ ដែល​ក្មួយ ត្រូវ​បញ្ចេញ​សមត្ថភាព តាមរយៈ ការសិក្សា​រៀនសូត្រ អ​សើ​រយៈពេល ១២​ឆ្នាំ កន្លងទៅ ឲ្យ​អស់ពី​លទ្ធភាព ដើម្បី ទទួលបាន​លទ្ធផល​ល្អប្រសើរ ជូន​ខ្លួនឯង ឪពុក ម្ដាយ ក៏ដូចជា សាលារៀន និង​សហគមន៍​មូលដ្ឋាន ផងដែរ ។ ម្យ៉ាងវិញទៀត នៅពេល​ប្រលង សូមកុំ​ឲ្យ​មានការ​តក់ស្លុត ភិតភ័យ និង​ក្ដីបារម្ភ​ឲ្យ​សោះ ព្រោះថា ពេលនេះ យើង​បាន​ពង្រាយ​កម្លាំង​ការពារ លើ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ ធ្វើយ៉ាងណា ឲ្យ​កិច្ចដំណើរការ​ប្រលងរ​យៈ​ពេល ២​ថ្ងៃ នេះ ប្រព្រឹត្តទៅ ដោយ​រលូន និង​សម្រេច​លទ្ធផល​ជោគជ័យ ។​

ឯកឧត្ដម​អភិបាលខេត្ត លើកឡើងថា បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​ភិ​បាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​កំណែទម្រង់​លើ​វិស័យ​អប់រំ ដែល​ផ្ដល់ឱកាស​សព្វបែបយ៉ាង សម្រាប់​សិស្ស​នុ​សិស្ស បញ្ចេញ​នូវ​សមត្ថភាព ពិតប្រាកដ តាមរយៈ ទិស​ស្លោក «​អ្នកចេះ គឺជា​ប់​» ហើយ​កំពុង​ត្រូវបាន ក្រសួង​អប់រំ យុវជន និង​កីឡា យកចិត្ត​អនុវត្ត ជាប្រចាំ ជាពិសេស ការ​រឹតបន្តឹង​នូវ​បទបញ្ជាផ្ទៃក្នុង នាពេល​ដំណើរ​ប្រលង​ម្ដងៗ ធ្វើ​ឲ្យ​គុណភាព​អប់រំ កាន់តែ​ប្រសើរឡើង ជា​រៀងរាល់ឆ្នាំ ។ ការប្រលង​នេះ គឺ​បាន​ធ្វើឡើង​ដោយ​ភាព​តឹងរឹង ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ដែល​លទ្ធផល​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​វិជ្ជមាន អស់​រយៈពេល ៦​ឆ្នាំ ស្មើនឹង​ចំនួន ៧​លើក រួចមកហើយ ។ ដូច្នេះ សូម​ឲ្យ​ក្មួយ​ជា​បេក្ខជន​ទាំងអស់ ព្យាយាម និង​យក​អស់ពី​សមត្ថភាព និង​សូម​ជូនពរ ប្រលង​ជាប់​ទាំងអស់គ្នា។​

​តាម​របាយការណ៍ សង្ខេប​ស្ដីពី​ស្ថាន នៃ​ការប្រលង របស់ លោក លី ម៉េង​សាន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ចាម ឲ្យ​ដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ។ ចែកចេញជា ១៤​មណ្ឌល ស្មើនឹង ៣៣១​បន្ទប់ មាន​បេក្ខជន​ប្រឡង សរុប ចំនួន ៨.១៩២​នាក់ ស្រី ៤.៤៧៥​នាក់ (​ក្នុងនោះ​សិស្ស អវត្តមាន ចំនួន ៧​នាក់ ស្រី ៥​នាក់​) ៕

សា​រ៉ា​ត​