អាជ្ញាធរខេត្ត​កំពង់ចាម ចុះ​ត្រួតពិនិត្យ​គោលដៅ អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ ៤៤ សសរ

នួន សត្យា

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា រួម​នឹង​ក្រុមការងារ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ នៅ​ថ្ងៃទី​០៨ ខែមេសា​ឆ្នាំ ២០២១ នេះ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ ២​កន្លែង នៅ​ស្រុក​បាធាយ ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល​២ សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ទន្ទឹមនឹង​ការចុះ​ត្រួតពិនិត្យ​នោះ ឯកឧត្តម ​អភិបាលខេត្ត បាន​មានប្រសាសន៍ ណែនាំ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​២​សប្តាហ៍ នៅតាម​គោលដៅ​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការ​កាត់ផ្តាច់​ខ្សែចម្លង ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០-​កុម្ភៈ តាមរយៈ ការផ្អាក​ចរាចរណ៍​ពី​តំបន់​មួយ​ទៅកាន់​តំបន់​មួយទៀត​។​

​តាម​មន្ត្រីរដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានចេញ​បទបញ្ជា​ឱ្យ​អភិបាលរង​ខេត្ត ចុះ​ត្រួតពិនិត្យ​គ្រប់​គោលដៅ ក្នុង​ក្រុង​-​ស្រុក​ទាំង​៨ ដែលមាន​ព្រំប្រទល់ ជាប់​ខេត្ត​ផ្សេងៗ មាន​ចំនួន​២៣ គោលដៅ គឺ ៖ ស្រុក​បាធាយ ២​គោលដៅ​, ស្រុក​ជើងព្រៃ ១​គោលដៅ​, ស្រុក​ស្រី​សន្ធរ ៥​គោលដៅ , ស្រុក​កងមាស ២​គោលដៅ , ក្រុង​កំពង់ចាម ១​គោលដៅ​, ស្រុក​កោះសូទិន ២​គោលដៅ​, ស្រុក​ចំការលើ ៤​គោលដៅ , និង​ស្រុក​ស្ទឹងត្រង់ ៥​គោលដៅ ផងដែរ ដើម្បី​ពង្រឹង​ការអនុវត្ត​អោយមាន​ប្រសិទ្ធភាព ។​