អាជ្ញាធរ​កំពុង​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ នៅ​រដូវ​ហាមឃាត់​ក្នុង​ខេត្តកំពង់ចាម​

ដោយៈ អឿន ស្រួ​
​កំពង់ចាម​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់ នៅ​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៨​នេះ បាន​ចំនួន​៤២​ករណី ព្រមទាំង​បាន​ដុតបំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​ជាច្រើន និង​ដោះលែង​កូន​ត្រី​ចម្រុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​បាន​ជាង​៤​តោន​។​

​លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម​បាន​ប្រាប់ថា ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៨​នេះ ការបង្ក្រាប​បទល្មើស​នេសាទ​កំពុង​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​គ្រប់​តំបន់​ទឹក​លិច ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​។ លោក​បន្តថា បទល្មើស​នេសាទ​ឆ្នាំ​២០១៨​នេះ​កើតឡើង​ច្រើនជាង​ឆ្នាំ ២០១៧ ដោយសារ​សកម្ម​ភាពចុះ​បង្ក្រាប​ច្រើន និង​ឆ្នាំនេះ​កំពស់​ទឹក​ខ្ពស់ជាង​ឆ្នាំមុន​ធ្វើ​ឲ្យ​ដែន​នេសាទ​កាន់តែ​រីក​ធំ​។

​លោក​បាន​ញ្ជា​ក់ថា «​ជា​លទ្ធផល​ពីថ្ងៃ​ទី​០១ ខែមិថុនា ដល់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ បាន​៤២​ករណី ក្នុងនោះ លូ​ស្បៃ​មុង​ចំនួន​១០១៨​មាត់​, របាំង​ស្បៃ​មុង​ប្រវែង​៤៩៦៧១​ម៉ែត្រ​, របាំង​សាច់​អួន​ប្រវែង​៣២៣​ម៉ែត្រ​, បង្គោល​ចំនួន ១៧៦១២​ដើម​, លប​៨​គ្រឿង​,​ដាយ​សាច់​អួន​ចំនួន​៩​មាត់​,​ឧបករណ៍​រ៉ាវ​ចំនួន​១១​មាត់​, រុះរើ​របាំង​ព្រួល​រាំង​ផ្ជិ​ត​ព្រែក ១១​ម៉ែត្រ និង​ដោះលែង​កូន​ត្រី​៤៦៦២​គីឡូក្រាម​»​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ិត ដា​រ៉ា ស្នងការរង​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ថ្លែងថា នៅ​រដូវ​ទឹក​ឡើង​ឆ្នាំ​២០១៨​នេះ ការបង្ក្រាប​បទល្មើស​នេសាទ​គឺមាន​ច្រើន​ករណី ហើយ​បើតាម​របាយការណ៍ និង​ការអនុវត្ត​លើ​បទល្មើស​នេសាទ​មិន​ថយចុះ​ទេ គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​បន្តថា «​យើង​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ពួកគាត់​យល់​ពី​ផលប៉ះពាល់ ពី​ការនេសាទ​ខុសច្បាប់ និង​ប្រើ​វិធានការ​ក្តៅ សហ​ការណ៍​ជាមួយ​ជំនាញ​ជលផល​និង​សហគមន៍​នេសាទ​ចុះបង្ក្រាប ជាក់ស្តែង​នូវ​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់​ហ្នឹង​បាន​ច្រើន​។ ហើយ​យើង​មិនមែន​ធ្វើ​តែ​ពេល​ទឹក​ឡើង​នេះ​ទេ ពេល​ទឹក​ស្រក​នឹង​វិធានការ​ខ្ពស់បំផុត អញ្ចឹង​ការបង្ក្រាប​ក៏​ច្រើន យើង​នឹង​ត្រៀមលក្ខណៈ​គ្រប់សព្វ​តាម​បណ្តា​ស្រុក​»​។​