អាជ្ញាធរ​ស្រុក​កំពង់សៀម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ សុខភាព នៅក្នុង​រដូវ​ទឹកជំនន់​

ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​រាករូស ជំងឺ​អាសន្នរោគ ជំងឺគ្រុនឈាម និង​គ្រុនចាញ់ អាជ្ញាធរ​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូល​ដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ជាពិសេស​កន្លែង​ដែល​ប្រឈម​ទៅនឹង​ការលិចលង់​នា​រដូវ​ទឹកជំនន់​នេះ​បើតាម​ការ​អោយដឹងពី លោកស្រី ឃាន់ ដា​រី ប្រធាន​កិច្ចការនារី​ស្រុក​កំពង់សៀម​។​

​លោក ស្រី ឃាន់ ដា​រី​មាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ​ស្រុក​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ណែនាំ ដល់​ប្រជាពលរដ្ឋ​តាម​ផ្ទះ ឬ​នៅតាម​ទួល​សុ​វត្តិភាព ឲ្យ​បរិភោគ​ទឹក​ឆ្អិន​ដែល​ដាំ​ពុះ ដើម្បី​ការពារ​ជំងឺ​រាករូស ព្រោះថា​ទឹកជំនន់ ឬ ប្រភពទឹក​មិន​ស្អាត ហូរ​ចេញ​មកពី​គ្រប់ទិសទី និង​ត្រូវ​សម្រាក​នៅក្នុង​មុង​ជាប្រចាំ ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនចាញ់​។ លោកស្រី​បាន​អោយដឹងទៀតថា អាជ​ញ​ញាធរ​មានការ​ត្រៀមលក្ខណៈ​ជាស្រេច​រង់ចាំ​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតមាន​ចំពោះ​សុខភាព ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នៅក្នុង​រដូវ​ទឹកជំនន់​នេះ​។​

​លោក ស្រី ឃាន់ ដា​រី បានបញ្ជាក់​ទៀតថា​នៅក្នុង​រដូវ​ទឹកជំនន់​នេះ ប្រជាពលរដ្ឋ​អាច​ប្រឈម​នឹង​សត្វ មាន​ពិស​មួយចំនួន​ដូចជា សត្វ​ពស់ ខាំ ឬ​ទិច ជាពិសេស​កុមារ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ទទួលរង​គ្រោះថ្នាក់​ច្រើនជាងគេ​។​លោកស្រី​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ទាំង​មុនពេល ក្នុងពេល និង​ក្រោយពេល​ទឹកជំនន់ ប្រសិនបើ បញ្ហា​សុខភាព​កើតឡើង​សូម​ស្វែងរក​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិភាព​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​

ធឹ​ម ​សារ៉ន​