អាជ្ញាធរ ខេត្តកំពង់ចាម ចុះ បាញ់ ថ្នាំ សម្លាប់ មេរោគ នៅ ផ្សារ បឹង​កុក ខណៈ​សេវាកម្ម អាជីវកម្ម​ពេល​រាត្រី ត្រូវ​បិទទ្វារ​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​

លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​រសៀល ថ្ងៃ ទី ៦ ខែមេសា ឆ្នាំ ២០២១ នេះ បាន ចាត់តាំង ក្រុម ការងារ មន្ទីរ សុខាភិបាល ចុះ បាញ់ ថ្នាំ សម្លាប់ មេរោគ នៅ ក្នុង ផ្សារ បឹង​កុក ក្រុង កំពង់ចាម ខណៈ​សេវាកម្ម អាជីវកម្ម​ពេល​រាត្រី ត្រូវ​បិទទ្វារ​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ ដោយឡែក រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម ត្រូវ​ផ្អាក​សកម្មភាព ដែល ជា ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ។

​គួរ បញ្ជាក់ ថា ក្នុងឱកាស​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេល ឆាប់ៗ ខាងមុខនេះ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ និង​ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ នៅ​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​នោះ​។ ដើម្បី​ធានា​ការពារ​អាយុជីវិត​រប​ស់បង​ប្អូន ប្រជាពលរដ្ឋ សុខភាព​សាធារណៈ សណ្តាប់ធ្នាប់​សាធារណៈ និង​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំពោះ​វិស័យ​សង្គមកិច្ច ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ក្នុង​បរិការណ៍​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នូវ​ទីតាំង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ និង​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួមមាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​ចល័ត ផ្សារ​ទំនើប ម៉ា​ត ទីសាធារណៈ​នានា​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើន​ជាដើម​។ ប៉ុន្តែ ត្រូវ បាន​លើកលែង​នូវ​ការជួបជុំ​ជា​លក្ខណៈ​សមាជិកគ្រួសារ​ដែល​រស់នៅក្នុង​លំនៅដ្ឋាន​ជាមួយ គ្នា ៕​