ចិន សារ៉ាត
ដើម្បី ចូលរួមអបសាទរ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គេសង្កេតឃើញថា អាជ្ញាធរ មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មីក្រូហិវញ្ញវត្ថុ និងប្រជាពលរដ្ឋក្នុងសហគមន៍ បានត្រៀមខ្លួន រួចជាស្រេច ក្នុងការរៀបចំនូវឧបករណ៍ និងសម្ភារៈ មួយចំនួន ដូចជា ៖ ស្គរ គង់ រគាំង ត្រដោក ជាដើម… ដើម្បី ទូង វាយ ឬគោះ ឲ្យបន្លឺសម្លេង កងរំពង នៅក្របខណ្ឌទូទាំងខេត្តកំពង់ចាម និងដោយឡែក នៅទូទាំងប្រទេសកម្ពុជា ។
យ៉ាងណាមិញ មកដល់ពេលនេះ យើងក៏សង្កេតឃើញថា នៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រឹស្ថានសិក្សាអប់រំ និងសហគមន៍ បានរៀបទង់ជាតិ ទង់ជ្វាលា ចងបដាពាក្យស្លោកផ្សេងៗ រួមនឹងការរៀបចំតុបតែងភ្លើងលម្អ នាពេលរាត្រី តាមទីកន្លែងរៀងៗខ្លួន រួចរាល់ហើយ ។ ដូចគ្នានោះដែរ ក្រៅពីការណែនាំឲ្យប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ត្រៀមនូវសម្ភារៈ ឧបករណ៍ផ្សេងៗ សម្រាប់បន្លឺជាស្នូរសម្លេងកងរំពងឡើង អាជ្ញាធរមូលដ្ឋាន ក៏បានចលនាប្រជាពលរដ្ឋ ឲ្យដាក់ និងចងទង់ជាតិ នៅផ្នែកខាងមុខផ្ទះរបស់ខ្លួន ផងដែរ ។ ដោយឡែក នៅតាមទីវត្តអារាមនីមួយៗវិញ គេសង្កេតឃើញ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏បានត្រៀម និងរៀបចំស្គរ គង់ រគាំង ជាដើម ដើម្បី ទទួលស្វាគមន៍ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់កម្ពុជា នាថ្ងៃទី០៥ ខែសីហា នេះ ផងដែរ ។
សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានផ្ដួចផ្ដើមគំនិតដ៏ឧត្តុង្គឧត្តម ក្នុងការស្ថាបនាផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនខ្មែរ នៅគ្រប់មជ្ឈដ្ឋាន និងត្រូវបានរាជរដ្ឋាភិបាលជំនាន់ថ្មី គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។ ការកសាងព្រែកជីកហ្វូណនតេជោ បានផ្ដល់អត្ថប្រយោជន៍ យ៉ាងសំខាន់ ទាំងផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ ផ្នែកកសិកម្ម ផ្នែកទេសចរណ៍ ជាដើម ។ តាមការរំពឹងទុក សមិទ្ធផលនេះ នឹងបានចូលរួមចំណែក ការកាត់បន្ថយការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលមានតម្លៃថ្លៃជាង កាត់បន្ថយរយៈពេល និងចម្ងាយ នៃការដឹកជញ្ជូន និងបម្រើដល់ការដឹកជញ្ជូនទំនិញ ក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញ បានឆាប់រហ័សជាងមុន ។ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាផ្លូវទឹកប្រវត្តិសាស្ត្រទីមួយរបស់កម្ពុជា ដែលឆ្លងកាត់ខេត្ត ចំនួន ៤ គឺ ៖ខេត្តកណ្ដាល កណ្ដាល តាកែវ កំពត និងខេត្តកែប ហើយវានឹងបានផ្ដល់នូវប្រភពទឹកមួយផ្នែក បំរើដល់ការអភិវឌ្ឍវិស័យកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ជាដើម ។ ជាមួយគ្នានេះ នៅតាមបណ្ដោយព្រែកជីកហ្វូណនតេជោ នឹងលេចឡើង នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាផ្នែកមួយ ក្នុងការរួមចំណែក ដល់ការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគ មកកាន់កម្ពុជា ព្រមទាំង ជម្រុញដល់ការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការតភ្ជាប់ផ្លូវគមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ច យ៉ាងសំខាន់ របស់កម្ពុជាយើង ផងដែរ ៕