អូស្ត្រាលី ជួយ​គាំទ្រ​ប្រជាជន​កម្ពុជា​នៅ​តំបន់​ដាច់ស្រយាល​ឱ្យមាន​អគ្គិសនី​ប្រើប្រាស់​

ជំនួយ​របស់​អូស្ត្រាលី​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​នេះ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​របស់​អូស្ត្រាលី​នៅក្នុង​អនុតំបន់​មេគង្គ ហើយ​ស្ថានទូត​អូស្ត្រាលី​បាន​ចូលរួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​នៅថ្ងៃនេះ ដាក់ឱ្យ​ដំណើរការ​នូវ​គម្រោង​មួយ​នេះ ដើម្បី​ផ្តល់​អគ្គិសនី​ដល់​ភូមិ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មិនទាន់​ត្រូវបាន​ភ្ជាប់​ទៅនឹង​បណ្តាញ​អគ្គិសនី​។​
​គម្រោង​ថ្មី​នឹង​ផ្តល់ជំនួយ​រហូតដល់ ២ លាន​ដុល្លារ​អូស្ត្រាលី​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ ដើម្បី​ជំរុញឱ្យមាន​ការវិនិយោគ​ពី​ឯកជន​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ នៅ​តំបន់ ដែល​មិនមាន​បណ្តាញ​អគ្គិសនី​។​

គម្រោង​ភាពជា​ដៃគូ​មេគង្គ – អូស្ត្រាលី (MAP) ថ្មី របស់​អូស្ត្រាលី ដែលមាន​ទឹកប្រាក់ ២៣២ លាន​ដុល្លារ​អូស្ត្រាលី នឹង​ផ្តល់​ថវិកា​ដល់​គម្រោង​នេះ​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បានប្រកាស គម្រោង​ភាពជា​ដៃគូ​មេគង្គ – អូស្ត្រាលី (MAP) ថ្មី​នេះ នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២០ ដើម្បី​គាំទ្រ​ដល់​សមាហរណកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ និង មី​យ៉ាន់​ម៉ា​។​

ឯកសារ​គម្រោង​ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បន្ទាប់ពី​មានការ​ពិគ្រោះ​យោបល់​យ៉ាង​ម៉ត់ចត់ ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​ថាមពល​កកើត​ឡើងវិញ នៅ​កម្ពុជា​ដែល​រួមមាន​អ្នកតំណាង​មកពី​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។​
​ឯកឧត្តម មានប្រសាសន៍ថា “​ការផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី ដែល​អាច​ទុកចិត្តបាន និង​មាន​តំលៃ​សមរម្យ​ដល់​ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​អទិភាព​សំរាប់​ក្រសួង​រ៉ែ និង​ថាមពល​។ ដូច្នេះ វា​ទាមទារ​ការយកចិត្តទុកដាក់​ពិសេស​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្ខិត​គម្លាត និង​ស្វែងរក​មធ្យោបាយ​ច្នៃប្រឌិត​ដើម្បី​ព​ន្លឿ​ន ការទទួលបាន​អគ្គិសនី​ប្រើប្រាស់​នៅ​តំបន់​ដែល​មិនទាន់​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​។ ខ្ញុំ​កោតសរសើរ​ចំពោះ​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តំបន់​ទាំងនេះ ជាមួយនឹង​ថាមពល​កកើត​ឡើងវិញ ចេញពី​បណ្តាញ​អគ្គិសនី​ខ្នាតតូច ក្រៅ​បណ្តាញ​បញ្ជូន​មេ​។

លោក Luke Arnold អគ្គរាជទូត​ស្តីទី អូស្ត្រាលី មានប្រសាសន៍ថា គម្រោង​មួយ​នេះ​នឹង ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​អគ្គិសនី​ប្រើប្រាស់​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​តំលៃ​សមរម្យ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ តាមរយៈ​ការផ្តល់​ថាមពល​កកើត​ឡើងវិញ​ទៅកាន់​ពលរដ្ឋ​សម្រាប់​ប្រើប្រាស់ គម្រោង​នេះ​ក៏​នឹង​រួមចំណែក​ដល់​ការប្តេជ្ញាចិត្ត​ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

លោក Luke Arnold មានប្រសាសន៍​បន្ថែមថា “​ប្រជាជន​ដែល​ខ្វះ​អគ្គិសនី​ប្រើប្រាស់ នឹង​បាត់បង់​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​របស់​ប្រទេស​កម្ពុជា​។ ការភ្ជាប់​សហគមន៍​ទៅនឹង​ថាមពល​អគ្គិសនី ដែលមាន​តំលៃ​សមរម្យ អាច​ទុកចិត្តបាន ប្រកបដោយ​និរន្តរភាព នឹង​ផ្លាស់​ប្តូរជីវិត​របស់​ពួកគេ ហើយ​អនុញ្ញាតឱ្យ​ប្រជាជន​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព និង​ឈានដល់​ការសម្រេចបាន​សក្តានុពល​ពេញលេញ​។​

លោក Luke Arnold ក៏បាន​ពន្យល់​ផងដែរ​ថា គម្រូ​កិច្ចសហប្រតិបត្តិការ ស្ថាន​ប័ន​សាធារណៈ និង ឯកជន​របស់​គម្រោង នឹងធ្វើ​ឱ្យមាន​ការវិនិយោគ​បន្ថែម​ដ៏​សំខាន់​ពី​វិស័យ​ឯកជន ជំរុញ​ទាំង​បច្ចេកវិទ្យា និង នវានុវត្តន៍ គម្រូ​អាជីវកម្ម ហើយ ផ្តល់​ប្លង់​មេ​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​នៅក្រៅ​បណ្តាញ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​។​
​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​វិនិយោគ​ធំ​មួយ​របស់​អូស្ត្រាលី​ដើម្បី​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ថាមពលរ​បស់​ប្រទេស​កម្ពុជា ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ពង្រឹង​ស្ថេរភាព​អគ្គិសនី និង​កាត់បន្ថយ​ការចំណាយ​។ អូស្ត្រាលី​ក៏​កំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ថាមពល​កកើត​ឡើងវិញ និង​ការវាយតំ​លៃ​ថាមពល​កកើត​ឡើងវិញ និង​ពង្រឹង​ការតភ្ជាប់​រវាង​ស្ថាប័ន​ថាមពល​អូស្ត្រាលី និង​កម្ពុជា​។​

​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ឈានមុខ​គេ​របស់​អូស្ត្រាលី​នៅ​កម្ពុជា វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) នឹង​សហការ ធ្វើការ​ងារ​លើ​គម្រោង​នេះ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ 3i បាន​ជំរុញ​ការវិនិយោគ ដែល​បាន​ត​ភ្ជាប់​អគ្គិសនី​ទៅកាន់​ប្រជាពលរដ្ឋ កម្ពុ​ជាជាង ៣១,០០០ គ្រួសារ​ទៅនឹង​បណ្តាញ​អគ្គិសនី​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ Australian.Embassy.Cambodia@dfat.gov.au