ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​អាជ្ញាធរ ​ចុះ​ពិនិត្យ ស្ថានីយ៍​បូមទឹក ដើម្បី បញ្ជៀ​សការ​លិច ក្រុង​កំពង់ចាម​

ដើម្បី បញ្ចៀស​ការ​លិច​ក្រុង​កំពង់ចាម ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ និង​ទឹកភ្លៀង ផង​នោះ ឯក​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ចាម អមដំណើរ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង ដាក់​ម៉ាស៊ីនបូមទឹក ចំនួន ២​កន្លែង ស្ថិតនៅតាម​ជួរ​មាត់ ទន្លេ ក្នុង​ក្រុង​កំពង់ចាម ដើម្បី ធ្វើការ​បូម​រំដោះ​ទឹក តាម​ប្រព័ន្ធ​លូ​មេ ចេញពី ទីក្រុង ចូលទៅក្នុង​ទន្លេមេគង្គ​វិញ ។

​មន្ត្រី​ជំនាញ បាន​អះអាងថា ទោះបីជា​ទឹកទន្លេ មេគង្គ​ស្រក​ចុះ​បន្តិច ក៏ពិតមែន តែ​បាន​ស្ថិតនៅ​កម្ពស់ ១៥.៧៥​ម៉ែត្រ និង​លើស​កម្រិត​ប្រុងប្រយ័ត្ន នៅឡើយ ។ យ៉ាងណា​ម៉ិ​ញ ទឹក​នៅតែ​ខ្ពស់ជាង​ក្រុង​កំពង់ចាម ដែល​បណ្តាល​ឲ្យ​ប្រព័ន្ធ​លូ នៅក្នុង​ក្រុងមាន​សម្ពាធ​ទឹក​ខ្ពស់ ។ ដូច្នេះ អាជ្ញាធរ ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​រៀបចំ​ស្ថានីយ​បូមទឹក ចំនួន ២​កន្លែង ក្នុង​ក្រុង​កំពង់ចាម ដោយ ១​កន្លែង នៅ​សួន​មាត់ទន្លេ សង្កាត់​កំពង់ចាម និង ១​កន្លែង ទៀត នៅ​ទំនប់​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ហើយក៏​មានការ​ត្រៀម​ម៉ាស៊ីន​ខ្នាត​ធំ ជាច្រើន​គ្រឿង​ទៀត នៅតាម​តំបន់​ប្រឈម នៅក្នុង​ក្រុង​កំពង់ចាម ផងដែរ ។

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅពេលដែល​ទឹកទន្លេ ខ្ពស់ជាង​ទឹក​ក្នុង​ក្រុង​កំពង់ចាម និង​ក្រោម​ការចង្អុល​បញ្ជារ​រប​ស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម ក្រុមមន្ត្រី​ជំនាញ​បាន​បិទ​សន្ទះទ្វារ​ទឹក ប្រព័ន្ធ​លូ​មេ នៅតាម​មាត់ទន្លេ និង​ទំនប់​ព្រែក​ដើម​ចាន់ ដើម្បី បូមទឹក​ក្នុង​លូ​ចេញទៅ​ទន្លេ​វិញ ដើម្បី ការពារ​កុំ​ឲ្យ​ទឹក​លិច ចូលក្នុង​ក្រុង កំពង់ចាម ។​

​ចាប់​គិត​ត្រឹម ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម បាន​ស្រក​ចុះ នៅត្រឹម​កម្ពស់ ១៥.៧០​ម៉ែត្រ បើ​ប្រៀបធៀប នឹង​ថ្ងៃ​ម្សិលមិញ ស្រក​ចុះ ០.០៥​ម៉ែត្រ ទោះជា​យ៉ាងណា នៅតែ​ខ្ពស់ជាង​កំរិត​ប្រកាស អាសន្ន ១៥.២០​ម៉ែត្រ ។ ដោយឡែក ឆ្នាំ​២០១៨ កន្លងទៅ​ទឹក មាន​កម្ពស់ ១៤.៦១​ម៉ែត្រ ប៉ុណ្ណោះ ៕
​សារ៉ាត