ឯកឧត្ដម អ៊ុន ចាន់​ដា ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារ​សន្តិសុខ​ជូន​ជាតិ និង​ប្រជាជន​

ឯកឧត្ដម អភិបាលខេត្ត អ៊ុន ចាន់​ដា ប្រធាន​គណៈបញ្ជាការ​ឯកភាព ខេត្តកំពង់ចាម ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារ​សន្តិសុខ​ជូន​ជាតិ និង​ប្រជាជន ។ ការ​ថ្លែង​យ៉ាង​ដូច្នេះ ធ្វើឡើង ក្នុងឱកាស​ដែល​ឯកឧត្តម​អភិបាលខេត្ត ជួប​សំណេះសំណាល និង​បើក​វគ្គ​ហ្វឹកហ្វឺន​កង​ជួរមុខ មន្ត្រី​នគរបាលជាតិ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ នេះ ។​

លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម គូសបញ្ជាក់​ឲ្យ​ដឹងថា ក្នុងការ​ត្រៀមកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់​សាធារណៈ​ជូន​ជាតិ និង​ប្រជាជន ស្នងការដ្ឋាន បានរៀបចំ​ផែនការ ដើម្បី ដាក់​កម្លាំង​ការពារ នៅតាម​គោលដៅ​ពិសេសៗ​មួយចំនួន នៅក្នុង​ទូទាំង​ខេត្តកំពង់ចាម ធ្វើយ៉ាងណា ដើម្បី ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ ។ ក្រៅពីនោះ យើង​ក៏បាន​ត្រៀម​នូវ​មធ្យោបាយ និង​សម្ភារៈ​ផ្សេងៗ​ទៀត ដើម្បី បំរើ​ដល់​កងកម្លាំង​ចល័ត និង​ចុះ​អន្តរាគមន៍ នៅតាម​គោលដៅ​នីមួយៗ ឲ្យ​ទាន់ពេលវេលា ខណៈដែល មាន​ព្រឹត្តិការណ៍​ផ្សេងៗ កើតឡើង​ជាយថាហេតុ​នោះ ។

ឯកឧត្ដម អ៊ុន ចាន់​ដា បាន​ចាត់ទុកថា ការជួបជុំ​នាពេលនេះ ក៏​ដើម្បី បាន​ត្រួតពិនិត្យ​កងកម្លាំង ក្នុងការ​ត្រៀម​បង្កា លើ​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ខាងមុខ ក៏ដូចជា ពេល​បន្តបន្ទាប់​ទៀត ផងដែរ ។ ដូច្នេះ ក្នុងនាម​កងកម្លាំង ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារ​សន្តិសុខ​ជាតិ និង​ប្រជាជន ព្រមទាំង ក្ដាប់​ឲ្យ​បាន​នូវ​ព័ត៌មាន​ទាំងឡាយ បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ ទប់ស្កាត់​នូវ​រាល់​បាតុភាព​ទាំងឡាយ ដែល​បង្ក​ឲ្យ​អ​ស្ថេ​ភាព​ដល់​សង្គមជាតិ ។ ក្រៅពីនោះ កងកម្លាំង​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​រាល់​បទបញ្ជា របស់​រាជរដ្ឋាភិបាល ដើម្បី ការពារ​នូវ​ភាពសុខសាន្ត ជូន​សង្គមជាតិ និង​ប្រជាពលរដ្ឋ ។


ឯកឧត្ដម អភិបាលខេត្ត បាន​បន្តថា កម្លាំង​នគរបាលជាតិ គឺជា​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ប្រការ​សំ ខាន់​របស់​កម្លាំង​សមត្ថ កិច្ច​ធាតុ​ផ្សំ​ដែល​អាច សម្រេច​ភារកិច្ច គឺ​កម្លាំង​យើង​ត្រូវមាន​កាយសម្បទា​រឹងមាំ និង ទឹកចិត្ត​ក្លៀវក្លា​មុះ​មុត ទើប​ឈានទៅ​សម្រេចបាន​គោលដៅ ដែល​អង្គភាព​បានសម្រេច ហើយ កម្លាំង សមត្ថកិច្ច ក៏បាន​ទទួល​មកវិញ​នូវ​ការ​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ ចំពោះ​សកម្មភាព​ការបំពេញ​ការងារ របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ ប្រកបដោយ​ការទទួលខុសត្រូវ​។

​ឯកឧត្ដម អ៊ុន ចាន់​ដា ក៏បានផ្ដល់​ជូន​នូវ​ស្បៀងអាហារ ជា មី ចំនួន ២០០​កេស និង​ថវិកា ៥​លាន​រៀល ដល់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម ដើម្បី ចាត់ចែង នៅក្នុងពេល​អំឡុង​ហ្វឹកហ្វឺន​ជំនាញ​ខាងលើ ផងដែរ ៕ ជួន​រតនា​វង្ស