អត្ថបទ៖ ចិន សារ៉ាត

នៅសាលាខេត្តកំពង់ចាម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងដោយបានការ អញ្ជើញចូលរួមពីសំណាក់ក្រុមការងារ របស់គណៈកម្មាធិការ នៅតាមបណ្ដាក្រុង/ស្រុក ទាំង១០ ព្រមទាំង តំណាងអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ផងដែរ ។
បន្ទាប់ពី លោកជំទាវ អនហេង លក្ខណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកំពង់ចាម បានឡើងរបាយការណ៍ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និកុមារ រួចមក លោកជំទាវ ជាន ឡេងទាង អនុប្រធានគណៈកម្មាធិការ បានអានរបាយការបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ។

ក្នុងរបាយការណ៍ បានបញ្ជាក់ផងដែរ អំពីលទ្ធផលការងារមួយចំនួន ដែលក្រុមការងារបានអនុវត្តកន្លងមក រហូតទទួលបាននូវលទ្ធផល ដ៏ត្រចះត្រចង់។នៅក្នុងនោះដែរ ក៏ជួបប្រទះ និងបញ្ហាប្រឈមមួយចំនួន ដោយសារតែគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង/ស្រុកមួយចំនួន មិនទាន់បានទទួលថវិកា ដើម្បី គាំទ្រសកម្មភាពការមួយចំនួន ក៏មិន ទាន់បានយល់ច្បាស់ អំពីទួនាទី និងភារកិច្ច ខ្លួនដែរ ។ ក្រៅពីនោះ ស្ត្រីមួយចំនួនគ្មានការងារធ្វើ មួយចំនួន ជាជនវិកលចរិក អនាថា ចាស់ជរាគ្មានទីពឹងដែលជាកង្វល់ ស្ត្រីមួយចំនួនទៀត គ្មានឆន្ទៈជួយខ្លួនឯង ដោយរង់ចាំតែជំនួយ ពីសប្បុរសជន និងជាបញ្ហាផងដែរ គឺដោយសារកូវីដ១៩ ។ ជាមួយនោះ ក្នុងរបាយការណ៍ ក៏បានលើកឡើងផងដែរ អំពីទិសដៅសម្រាប់ឆ្នាំ២០២១ ដោយការបន្តស្វែងរកការគាំទ្រ ដើម្បី គ.ក.ស.ក. ក្រុង/ស្រុក ដែលខ្វះថវិកាគាំទ្រសកម្មភាព ដោយទទួលបានកញ្ចប់ថវិកាទោះតិច ឬច្រើន និងបន្តចុះគាំទ្រពង្រឹងសមត្ថភាព គ.ក.ស.ក ក្រុង/ស្រុក និង គ.ក.ន.ក ឃុំ/សង្កាត់ បន្តស្វែងរកការងារ ឲ្យស្ត្រីមានការងារធ្វើ បន្តស្វែងរកដំណោះស្រាយបង្កើត ឲ្យមានមជ្ឈមណ្ឌលថែរក្សាចាស់ជរា គ្មានទីពឹង និងជនវិកលចរិក បន្តលើទឹកចិត្តស្ត្រីឲ្យមានឆន្ទៈជួយខ្លួនឯង បានរួចផុតពីភាពក្រីក្រ និងបន្តការងារ ដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដែលបានអនុវត្តការងារ រហូតសម្រេចលទ្ធផល ជោគជ័យ នាពេលកន្លងមក ។ ឯកឧត្តម បន្តថា ជាកាពិតណាស់ទៅបីជាយើងទទួលបានភាពជោគជ័យមែន ក៏ដោយ ប៉ុន្តែ ជ័យជំនះ ទាំងអស់នេះ នៅមិនទាន់បានសម្រេចដូចបំណង នៅឡើយទេ ចឹងទេ ក្រុមការងាររបស់យើងត្រូវតែតស៊ូ អត់ធ្មត់ ព្រោះដំណើការផ្អែកលើផលទុន របស់ជាតិ ។ ដូចនេះ ទាមទាឲ្យយើងស្វែងរកការគាំទ្រតាមគម្រោងផែនការប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទាំងបីប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្ដាសាសនានានា ដោយយោងលើរបាយការណ៍ច្បាស់លាស់ មានលិខិតបទដ្ឋានគ្រប់គ្រាន់ ទុកជាវត្ថុតាង ដើម្បី ទាមទារបាននូវសុក្រឹត្យភាពការងារ ។ ជាមួយនោះ សកម្មភាពចលនាស្ត្រី បម្រើកិច្ចការងារសង្គម ត្រូវរៀបចំចលនាស្ត្រីឲ្យយល់ពីការងារសុខមាលភាព ក្នុងគ្រួសារ និងសង្គម អប់រំស្ត្រីចលនាលើកស្ទួយជីវភាពគ្រួសារ ដោយផ្សាភ្ជាប់សេដ្ឋកិច្ច និងមុខរបរជា ជាងការរង់ចាំសំណាង មកដល់នោះ។